ខេត្តបាត់ដំបង៖ ការបំពុលទឹកព្រែកត្រែងក្នុងស្រុករតនៈមណ្ឌល បានបណ្តាលឱ្យត្រីរាប់រយក្បាលងាប់ ដោយមន្ត្រីជំនាញបរិស្ថានបានចុះស្រាវជ្រាវយ៉ាងរហ័ស បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

ក្រុមការងារជំនាញពីមន្ទីរបរិស្ថានខេត្តបាត់ដំបង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងក្នុងភូមិស្វាយស ឃុំត្រែង ដែលមានរបាយការណ៍ថា ទឹកព្រែកមានក្លិនស្អុយខ្លាំង និងត្រីជាច្រើនងាប់។
នៅថ្ងៃទី២០ មេសា ក្រុមការងារបានបន្តស្រាវជ្រាវ និងរកឃើញសំណាកត្រីងាប់ជាច្រើនទៀត។ តំបន់សង្ស័យស្ថិតនៅចម្ងាយ ៦០០ម៉ែត្រពីរោងចក្រកែច្នៃស្វាយចំនួនពីរ។

ក្រុមការងារបានយកសំណាកទឹកចំនួន៥ទីតាំង ពីតំបន់ខ្សែទឹកខាងលើ ខាងក្រោម និងពីរោងចក្រក្រុមហ៊ុនយូយូរភីន និងក្រុមហ៊ុនប៉ៃស៊ិនសេង ដើម្បីបញ្ជូនទៅមន្ទីរពិសោធន៍ក្រសួងបរិស្ថានសម្រាប់វិភាគ។
ទោះបីជាក្រុមការងារមិនបានឃើញការលេចធ្លាយសំណល់រាវពីរោងចក្រទាំងពីរក៏ដោយ ក៏ពួកគេបានដាក់វិធានការហាមឃាត់ប្រជាពលរដ្ឋមិនឱ្យប្រើប្រាស់ទឹកព្រែកត្រែង និងកុំយកត្រីងាប់ទៅបរិភោគ។

ក្រសួងបរិស្ថានបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ថានឹងមិនលើកលែងចំពោះក្រុមហ៊ុនណាដែលបង្កការបំពុលទឹកសាធារណៈ និងនឹងចាត់វិធានការតាមផ្លូវច្បាប់។

ក្រុមការងារបានណែនាំឱ្យរោងចក្រទាំងពីរអនុវត្តបទដ្ឋានបច្ចេកទេសបរិស្ថានឱ្យបានត្រឹមត្រូវ និងកុំបញ្ចេញសំណល់រាវបំពុលទៅក្នុងប្រព័ន្ធទឹកសាធារណៈ។
