ខេត្តសៀមរាប – កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តអធ្វា បានរួបរួមគ្នាប្រារព្ធពិធី«ឡើងអ្នកតា និងការបញ្ជូនអ្នកតាឡើងគោក» នៅប្រាសាទវត្តអធ្វា។

ពិធីនេះជាទំនៀមទម្លាប់បុរាណដ៏សំខាន់មួយក្នុងជំនឿរបស់សហគមន៍អ្នកស្រុកអង្គរ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមនុស្ស ជំនឿ និងធម្មជាតិ។

ពិធីក្នុងខែពិសាខនេះជាសញ្ញាណនៃការ«បញ្ជូនអ្នកតាឡើងគោក» ដើម្បីត្រៀមលក្ខណៈចូលដល់រដូវវស្សា។ ខុសពីពិធីឡើងអ្នកតានៅខែមាឃ (បញ្ជូនអ្នកតាចុះទឹក) ដែលជានិមិត្តរូបនៃការបញ្ចប់រដូវច្រូតកាត់។

អ្នកភូមិរៀបចំពិធីនេះឡើងក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខសប្បាយដល់សហគមន៍ និងបួងសួងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ការងារកសិកម្ម ស្របពេលដែលរដូវភ្ជួររាស់ចាប់ផ្តើមចូលមកដល់។

ទោះបីជាស្ថិតក្នុងសម័យកាលទំនើបយ៉ាងណាក្តី ក៏កិច្ចពិធីតាមបែបបុរាណនេះនៅតែបន្តរស់រវើកក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នកស្រុកអង្គរយ៉ាងខ្ជាប់ខ្ជួន។ នេះជាសក្ខីភាពមួយបង្ហាញពីភាពរឹងមាំនៃអត្តសញ្ញាណវប្បធម៌ខ្មែរ។

ក្នុងកិច្ចការអភិរក្សនេះ អាជ្ញាធរជាតិអប្សរាតែងតែផ្តល់ការគាំទ្រយ៉ាងសកម្ម ទាំងផ្នែកធនធាន និងស្មារតី ដើម្បីជំរុញឱ្យសហគមន៍មូលដ្ឋានមានលទ្ធភាពបន្តថែរក្សាទំនៀមទម្លាប់ដ៏មានតម្លៃទាំងនេះ។

ការចូលរួមរបស់ប្រជាពលរដ្ឋមិនត្រឹមតែជាការគោរពតាមជំនឿប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា«ព្រលឹង»នៃរមណីយដ្ឋានអង្គរ ឱ្យនៅបន្តមានជីវិតជានិរន្តរ៍។

បេតិកភណ្ឌអរូបី គឺជាអត្តសញ្ញាណ និងជាដង្ហើមនៃសហគមន៍យើង!

អត្ថបទសរសេរដោយ ច័ន្ទ រស្មី | កែសម្រួលដោយ ធីតា
