ខេត្តកំពត៖ ករណីហិង្សារបស់មន្ត្រីនគរបាលម្នាក់ដែលវាយស្ត្រីអ្នករកស៊ីចាប់ទឹកកក បណ្ដាលឱ្យមានរបួសស្នាមនៅយប់ថ្ងៃទី១៩ មេសា ឆ្នាំ២០២៦ បានធ្វើឱ្យសាធារណជនខឹងសម្បាយ៉ាងខ្លាំង។

លោក ឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទធុរិទ្ធ ស្នងការខេត្តកំពត បានបញ្ជាឱ្យអធិការក្រុងកំពតនាំខ្លួនជនបង្កហិង្សាមកអនុវត្តតាមផ្លូវច្បាប់ដោយគ្មានការលើកលែង។ លោកបានពន្យល់ថា ការយឺតយ៉ាវក្នុងការចាត់វិធានការគឺដោយសារជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងទើបមានការយឺតយ៉ាវក្នុងការទទួលព័ត៌មាន។
លោក កុល ណារុំ អធិការនគរបាលក្រុងកំពត បានប្រាប់ថា ករណីនេះជនបង្កនិងជនរងគ្រោះបានសម្របសម្រួលបញ្ចប់រឿងរួចរាល់ហើយ ដោយជនរងគ្រោះមិនបានប្ដឹងប្ដល់អ្វីឡើយ។
ជនបង្កហិង្សាមានឈ្មោះ ទេព សុខផេង ជានគរបាលក្នុងអង្គភាពអធិការក្រុងកំពត។ រីឯស្ត្រីរងគ្រោះមានឈ្មោះ ទិត ធូ អាយុជាង៣០ឆ្នាំ រស់នៅភូមិអណ្តូងខ្មែរ ក្រុងកំពត មុខរបរស៊ីឈ្នួលចាប់ទឹកកកក្នុងកម្មវិធីផ្សេងៗ។

លោក ឧត្តមសេនីយត្រី លក ញ៉ាវ ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ទោះបីមានការសម្របសម្រួលពីច្បាប់រដ្ឋប្បវេណី និងមានការយល់ព្រមមិនប្តឹងប្តល់ពីជនរងគ្រោះក៏ដោយ ក៏ជនបង្កនៅជាប់ពាក់ព័ន្ធលើបណ្តឹងអាជ្ញាត្រូវអនុវត្តទោសតាមច្បាប់ដែរ។
បច្ចុប្បន្ន ជនបង្កត្រូវបានកំលាំងការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួន និងកសាងសំណុំរឿងដើម្បីអនុវត្តតាមច្បាប់។ គេរង់ចាំមើលថា តើវាសនាលោកមន្ត្រីនគរបាលរូបនេះ ត្រូវទទួលទោសទណ្ឌយ៉ាងណា ទុកឲ្យច្បាប់ជាអ្នកសម្រេច។
