
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសនៅថ្ងៃអង្គារទី២១មេសាថា យុទ្ធនាការរបស់អ៊ីស្រាអែលនៅលីបង់នឹងប្រើយុទ្ធសាស្រ្តទ្វេរូប ដោយផ្សំរវាងសម្ពាធយោធា និងសម្ពាធការទូត ដើម្បីធ្វើឲ្យក្រុមហេសបូឡាដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់បាត់បង់សមត្ថភាពប្រយុទ្ធទាំងស្រុង។
ក្នុងពិធីរំលឹកទិវាជាតិរំលឹកដល់ទាហានដែលបានស្លាប់ លោក Katz បានបញ្ជាក់ថា៖ «គោលដៅចម្បងនៃយុទ្ធនាការនៅលីបង់ គឺដើម្បីដកហូតអាវុធពីហេសបូឡា និងលុបបំបាត់ការគំរាមកំហែងដល់សហគមន៍ភាគខាងជើងអ៊ីស្រាអែល តាមរយៈការរួមបញ្ចូលគ្នានៃវិធានការទាំងពីរ។»

លោកបានបន្តថា៖ «យើងនឹងអនុវត្តវិធានការដូចគ្នាចំពោះការបាញ់ប្រហារក្នុងគន្លងខ្ពស់ដែលចេញមកពីតំបន់ភាគខាងជើងទន្លេលីតានី និងពីទូទាំងលីបង់។» ទន្លេលីតានីជាតំបន់ដែលអ៊ីស្រាអែលមិនចង់ឲ្យមានវត្តមានហេសបូឡាទៀតទេ។
ទោះបីជាបទឈប់បាញ់បានចូលជាធរមាននៅថ្ងៃសុក្រក៏ដោយ កងទ័ពអ៊ីស្រាអែលនៅតែមានវត្តមាន និងការប្រយុទ្ធយ៉ាងសកម្មជាមួយសកម្មប្រយុទ្ធហេសបូឡានៅភាគខាងត្បូងលីបង់។ លោក Katz បានដាស់តឿនថា កងទ័ពនឹងប្រើប្រាស់«កម្លាំងពេញលេញ»ប្រសិនបើត្រូវបានគំរាមកំហែង។

នៅថ្ងៃព្រហស្បតិ៍នេះ លីបង់ និងអ៊ីស្រាអែលនឹងចរចាជាថ្មីក្រោមការតាមដានពីហេសបូឡា។ កិច្ចពិភាក្សាត្រូវបានរៀបចំដោយក្រសួងការបរទេសអាមេរិក ដោយនឹងនាំអង្គទូតទាំងពីរមកអង្គុយតុជាមួយគ្នា ដើម្បីពិភាក្សាអំពីលទ្ធភាពបន្តបទឈប់បាញ់ដែលនឹងផុតកំណត់នៅថ្ងៃអាទិត្យខាងមុខ។
ជាការបន្ថែម អ៊ីស្រាអែលបានបដិសេធការវិលត្រឡប់របស់ប្រជាជនលីបង់ទៅភូមិឋានជិតតំបន់ព្រំដែន ទោះបីមានបទឈប់បាញ់ក៏ដោយ។
