ភ្នំពេញ – ក្រុមហ៊ុនថៃធំៗមួយចំនួនត្រូវបានបង្ខំឱ្យដកខ្លួនចេញពីទីផ្សារកម្ពុជា ឬផ្អាកប្រតិបត្តិការបណ្ដោះអាសន្ន ដោយសារភាពតានតឹងព្រំដែនរវាងប្រទេសទាំងពីរបន្តធ្វើឱ្យទំនុកចិត្តអតិថិជនខ្មែរចំពោះទំនិញថៃធ្លាក់ចុះយ៉ាងខ្លាំង។

ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅចុងឆ្នាំ២០២៥ក្ដី ក៏ភាពតានតឹងនៅតែបន្តដោយសារសកម្មភាពខុសច្បាប់របស់យោធាថៃ រួមទាំងការកាន់កាប់ទឹកដីកម្ពុជាមួយចំនួន។ ស្ថានភាពនេះបានធ្វើឱ្យអ្នកប្រើប្រាស់ខ្មែរបន្តពហិការទំនិញថៃ។
យោងតាមកាសែតបាងកកប៉ុស្តិ៍ អាជីវកម្មថៃនៅកម្ពុជាប្រឈមនឹងឧបសគ្គសំខាន់ៗពីរ៖ ការបិទច្រកព្រំដែនគោករាំងស្ទះលំហូរទំនិញ និងការពហិការរបស់អតិថិជនខ្មែរ។
ពាណិជ្ជកម្មព្រំដែនគោកបានធ្លាក់ចុះស្ទើរតែទាំងស្រុង ដោយក្រុមហ៊ុនថៃប្រើយុទ្ធសាស្ត្រផ្សេងៗដើម្បីសម្របខ្លួន។ ក្រុមហ៊ុនខ្លះដកខ្លួនទាំងស្រុង ខ្លះទៀតដកខ្លួនបណ្ដោះអាសន្ន រង់ចាំមើលស្ថានការណ៍។
ក្រុមហ៊ុន Major Cineplex Group Plc ប្រតិបត្តិកររោងកុនធំជាងគេរបស់ថៃ បានលក់អាជីវកម្មរបស់ខ្លួននៅកម្ពុជាកាលពីខែកុម្ភៈ២០២៦។ ក្រុមហ៊ុននេះដែលធ្លាប់ដំណើរការសាខា៦កន្លែងនៅភ្នំពេញ សៀមរាប និងប៉ោយប៉ែត បានលក់ភាគហ៊ុន៧០% ទៅឱ្យក្រុមហ៊ុន Sabay Digital Group Pte Ltd ក្នុងតម្លៃ៥,១៤លានដុល្លារ។
ក្រុមហ៊ុន Major បានរាយការណ៍ថា ប្រាក់ចំណូលនៅកម្ពុជាធ្លាក់ចុះ២៩% ពី៥៣៣លានបាតនៅឆ្នាំ២០២៤ មកត្រឹម៣៨០លានបាតនៅឆ្នាំ២០២៥។
ក្រុមហ៊ុន Thai President Foods Plc ផលិតមីកញ្ចប់ម៉ាម៉ា បានដកទីផ្សារកម្ពុជាចេញពីការព្យាករប្រាក់ចំណូលឆ្នាំ២០២៦។ លោក Pun Paniangvait អ្នកគ្រប់គ្រងទូទៅបានបញ្ជាក់ថា ការនាំចេញពីថៃបានធ្លាក់ដល់សូន្យ ហើយក្រុមហ៊ុនបានបញ្ឈប់ផលិតកម្មនៅរោងចក្រកម្ពុជា។
លោក Pun ជឿជាក់ថា ទីផ្សារកម្ពុជានឹងងើបឡើងវិញនៅទីបំផុត ទោះបីជាមិនមែននៅឆ្នាំនេះក្ដី។ «ប្រសិនបើទីផ្សារងើបឡើងវិញលឿនជាងការរំពឹងទុក យើងត្រៀមខ្លួនរួចរាល់ហើយ» លោកបានថែមទាំងសន្យាថា នឹងយកចិត្តទុកដាក់ចំពោះអតិថិជន។
ក្រុមហ៊ុន Osotspa Plc ផលិតភេសជ្ជៈ M-150 ក៏បានឈប់នាំចេញផលិតផលទៅកម្ពុជាចាប់ពីខែមិថុនា២០២៥។ លោកស្រី Ratiporn Ratcharoen ប្រធានផ្នែកហិរញ្ញវត្ថុបាននិយាយថា ក្រុមហ៊ុនមិនរំពឹងថាទីផ្សារកម្ពុជាសម្រាប់ផលិតផលថៃនឹងងើបឡើងវិញមុនឆ្នាំ២០២៧ទេ។
