យុវជន៤នាក់លួចទូរស័ព្ទព្រះសង្ឃក្នុងវត្ត គំរាមកូនសិស្សលោក សមត្ថកិច្ចចាប់បានម្នាក់

យុវជន៤នាក់លួចទូរស័ព្ទព្រះសង្ឃក្នុងវត្ត គំរាមកូនសិស្សលោក សមត្ថកិច្ចចាប់បានម្នាក់

ខេត្តកំពង់ស្ពឺ – សមត្ថកិច្ចនគរបាលស្រុកគងពិសីបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ដែលបានលួចទូរស័ព្ទដៃពីព្រះសង្ឃក្នុងវត្ត និងគំរាមកូនសិស្សលោកពេលធ្វើឧក្រិដ្ឋកម្ម។

ជនសង្ស័យលួចទូរស័ព្ទព្រះសង្ឃ

ការឃាត់ខ្លួនបានធ្វើឡើងកាលពីរសៀលថ្ងៃទី២០ មេសា ២០២៦ នៅឃុំព្រៃវិហារ ស្រុកគងពិសី។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សុង បញ្ញា អាយុ២០ឆ្នាំ រស់នៅក្នុងឃុំព្រៃវិហារ។

ឧក្រិដ្ឋកម្មនេះបានកើតឡើងនៅថ្ងៃទី១៨ មេសា វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ នៅវត្តព្រះពុទ្ធលក្ខណារាម (វត្តដំណាក់ពង្រ)។ ជនសង្ស័យរួមជាមួយបក្ខពួក៣នាក់ទៀតបានជិះម៉ូតូចូលក្នុងវត្ត ហើយលួចទូរស័ព្ទ iPhone 12pro mix ដែលមានតម្លៃ៣៥០ដុល្លារ ពីព្រះសង្ឃព្រះនាមផល សុខណាង ព្រះជន្ម១៦ឆ្នាំ ដែលកំពុងសឹងលក់។

កន្លែងកើតឧក្រិដ្ឋកម្ម

នៅពេលធ្វើឧក្រិដ្ឋកម្ម កូនសិស្សលោកបានមកទាន់ ប៉ុន្តែត្រូវបានជនសង្ស័យគំរាមថា៖ “រឿងរបស់អញទេ កុំចេះដឹង” មុននឹងគេចខ្លួនជាមួយបក្ខពួក។ កូនសិស្សលោកបានរត់ទៅដាស់ព្រះសង្ឃ ហើយលោកបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច។

ក្រោយពីទទួលបានពាក្យបណ្តឹង នគរបាលបានស្រាវជ្រាវរហូតដល់វេលាម៉ោង០២:៣០នាទីរសៀលថ្ងៃទី២០ មេសា ទើបអាចឃាត់ខ្លួនជនសង្ស័យបានម្នាក់។ ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចកំពុងស្វែងរកបក្ខពួកជនសង្ស័យ៣នាក់ទៀតដែលនៅរត់គេចខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

administrator

Related Articles