ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ដែលជាអ្នកដឹកជញ្ជូនមាន់សាច់ ត្រូវជនរងគ្រោះជាម្ចាស់លុយប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្តដោយយកលុយលក់មាន់១០លានរៀលទៅលេងល្បែងស៊ីសងចាញ់អស់។

ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិកំពង់សំណាញ់(១) សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។
មន្ត្រីប៉ុស្តិ៍កំពង់សំណាញ់បានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ លូ គឹមជូ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរហើយប្រាក់កាសបាត់បង់ចំនួន១០លានរៀល។ ចំណែកជនសង្ស័យមានឈ្មោះស្រេង ដេត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកលក់មាន់ និងទទួលប្រាក់ខែពីជនរងគ្រោះ និងមានទីលំនៅក្នុងភូមិសង្កាត់ជាមួយជនរងគ្រោះដែរ។

ស្ត្រីរងគ្រោះបានបំភ្លឺជូនសមត្ថកិច្ចថា តាំងពីក្នុងអំឡុងដើមខែវិច្ឆិកាឆ្នាំ២០២៥មកម្លេះ ដែលខ្លួនបានផ្តល់ការទុកចិត្តនិងផ្តល់ការងារឲ្យជនសង្ស័យមកធ្វើការ ជាអ្នកដឹកជញ្ជូនមាន់សាច់ យកទៅដាក់ឲ្យម៉ូយនៅតាមផ្សារ និងដើរប្រមូលលុយថ្លៃលក់មាន់យកមកប្រគល់ឲ្យជនរងគ្រោះវិញ ដោយទទួលបានប្រាក់ខែចំនួន២០០ដុល្លារជាទៀងទាត់។
លុះមកដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ជនសង្ស័យបានយកសាច់មាន់ទៅដាក់ឲ្យម៉ូយនៅតាមផ្សារដូចសព្វមួយដង និងបានដើរប្រមូលលុយពីម៉ូយបានចំនួន១៨លានរៀល រួចយកមកប្រគល់ឲ្យជនរងគ្រោះបានចំនួនតែ៨លានរៀលប៉ុណ្ណោះដោយនៅសល់ប្រាក់ចំនួន១០លានរៀល គឺជនសង្ស័យបានយកទៅចាយវាយ លេងល្បែងចាញ់អស់ហើយ ក៏ឈប់ចូលមកធ្វើការឲ្យស្ត្រីរងគ្រោះវិញ។

ស្ត្រីរងគ្រោះខំព្យាយាមទាក់ទងតាមទូរសព្ទជាច្រើនលើកច្រើនសា ទៅជនសង្ស័យតែមិនទទួលបានការឆ្លើយតបពីជនសង្ស័យឡើយ។ បន្ទាប់មក ស្ត្រីរងគ្រោះក៏បាននាំគ្នាដើររកជនសង្ស័យ ក៏បានឃើញនៅក្នុងផ្សារបឹងត្របែក ក្រុងភ្នំពេញ។ ភ្លាមនោះជនរងគ្រោះក៏បានឃាត់ជនសង្ស័យនាំយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកលុយរបស់ជនរងគ្រោះថ្លៃលក់សាច់មាន់ចំនួន១០លានរៀល ទៅចាយវាយនិងលេងល្បែងចាញ់អស់ ប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
