ភ្នំពេញ – ជម្លោះនៅមជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃឆ្លងកាត់ព្រែកជីកប៉ាណាម៉ាកើនឡើងខ្ពស់ ដោយនាវាដឹកឧស្ម័នធម្មជាតិពង្រាវមួយគ្រឿងអាចត្រូវចំណាយរហូតដល់ ៤ លានដុល្លារ ដើម្បីជៀសវាងការរងចាំដែលអាចយូរដល់ ៥ ថ្ងៃ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ការកើនឡើងនៃការចំណាយនេះត្រូវបានសម្គាល់ឃើញចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលរួមគ្នាវាយប្រហារលើអ៊ីរ៉ង់នៅចុងខែកុម្ភៈ ដែលបណ្តាលឱ្យមានការបិទច្រកសមុទ្រហ័រមូហ្ស ដែលជាច្រកសំខាន់សម្រាប់ដឹកជញ្ជូនប្រេងនិងឧស្ម័នធម្មជាតិ ១/៥ នៃតម្រូវការសកល។
របាយការណ៍ពីអាជ្ញាធរព្រែកប៉ាណាម៉ាបង្ហាញថា រោងចក្រចម្រាញ់ប្រេងនៅអាស៊ីបានផ្លាស់ប្តូរទៅទិញឥន្ធនៈពីសហរដ្ឋអាមេរិក ហើយដឹកជញ្ជូនតាមផ្លូវព្រែកជីកប៉ាណាម៉ា ជំនួសឱ្យការទិញពីប្រទេសឈូងសមុទ្រពែរ្សដែលពឹងផ្អែកលើច្រកហ័រមូហ្ស។

អាជ្ញាធរព្រែកប៉ាណាម៉ាបានបញ្ជាក់ថា ចំនួនកប៉ាល់ដែលឆ្លងកាត់ព្រែកជីកនេះកំពុងកើនឡើង ដោយមានជាមធ្យម ៣៤ គ្រឿងក្នុងមួយថ្ងៃនៅខែមករា និងកើនឡើងដល់ ៣៧ គ្រឿងក្នុងមួយថ្ងៃនៅខែមីនា។
«ការកើនឡើងនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃលំនាំពាណិជ្ជកម្មសកល និងលក្ខខណ្ឌទីផ្សារ រួមទាំងកត្តាភូមិសាស្ត្រនយោបាយដែលប៉ះពាល់ដល់ផ្លូវសំខាន់ៗ» អាជ្ញាធរបានបញ្ជាក់។
ជាធម្មតា កប៉ាល់ត្រូវកក់ការធ្វើដំណើរឆ្លងកាត់ព្រែកជីកប៉ាណាម៉ាជាមុន។ ប្រសិនបើមិនបានកក់ទុក ពួកគេត្រូវរងចាំប្រហែល ៥ ថ្ងៃ។ ទោះជាយ៉ាងណា ក៏មានជម្រើសដេញថ្លៃដែលកប៉ាល់អាចបង់ប្រាក់លើសតម្លៃធម្មតា ដើម្បីរំលងការរងចាំ។

ថ្មីៗនេះ តម្លៃដេញថ្លៃអាចកើនឡើងខ្ពស់ខ្លាំង ដោយកប៉ាល់ខ្លះអាចចំណាយរហូតដល់ ៤ លានដុល្លារ។ កម្រិតជាមធ្យម តម្លៃដេញថ្លៃឆ្លងកាត់នេះមានត្រឹមតែ ១៣០,០០០ ដុល្លារក្នុងមួយគ្រឿងនៅខែតុលា និងកុម្ភៈ ហើយកើនឡើងដល់ ៣៨៥,០០០ ដុល្លារក្នុងមួយគ្រឿងនៅខែមីនា និងមេសា។
