ត្រាំប្រកាសបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ តែនៅតែបិទខ្ទប់ផ្លូវទឹក

ត្រាំប្រកាសបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ តែនៅតែបិទខ្ទប់ផ្លូវទឹក

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ តាមសំណើរបស់ប្រទេសប៉ាគីស្ថាន ប៉ុន្តែនៅតែបន្តបិទខ្ទប់ផ្លូវទឹករបស់ទីក្រុងតេហេរ៉ង់។

ដូណាល់ ត្រាំ

លោកត្រាំបានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារទី២១ ខែមេសា ឆ្នាំ២០២៦ ដោយលើកឡើងថា៖ «ដោយផ្អែកលើអង្គហេតុថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងមានការបែកបាក់គ្នាយ៉ាងខ្លាំង ហើយតាមសំណើរបស់សេនាប្រមុខ Asim Munir និងនាយករដ្ឋមន្ត្រី Shehbaz Sharif នៃប្រទេសប៉ាគីស្ថាន យើងត្រូវបានគេស្នើសុំឲ្យផ្អាកការវាយប្រហារលើអ៊ីរ៉ង់»។

បទឈប់បាញ់ថ្មីនេះនឹងបន្តរហូតដល់ការចរចាជាមួយទីក្រុងតេហេរ៉ង់ត្រូវបានបញ្ចប់ ប៉ុន្តែលោកត្រាំបានបញ្ជាឲ្យកងទ័ពអាមេរិកបន្តការបិទខ្ទប់ផ្លូវទឹកអ៊ីរ៉ង់ និងរក្សាការត្រៀមខ្លួនឲ្យបានខ្ជាប់ខ្ជួន។

បទឈប់បាញ់២សប្តាហ៍រវាងអាមេរិកនិងអ៊ីរ៉ង់ត្រូវផុតកំណត់នៅថ្ងៃពុធនេះ ខណៈភាគីទាំងពីរបានចោទគ្នាទៅវិញទៅមកថាបំពានបទឈប់បាញ់ក្នុងរយៈពេល១៤ថ្ងៃ។

ការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន បានបរាជ័យដោយសារអ៊ីរ៉ង់បដិសេធលក្ខខណ្ឌរបស់អាមេរិក។ ប៉ាគីស្ថានបានរៀបចំជំនួបលើកទី២ ប៉ុន្តែទីក្រុងតេហេរ៉ង់បានប្រាប់ថានឹងមិនចូលរួម ហើយមកទល់ពេលនេះ គ្មានប្រតិភូអ៊ីរ៉ង់ណាម្នាក់ចេញទៅប៉ាគីស្ថានដើម្បីចរចាជាមួយអាមេរិកទេ។

administrator

Related Articles