ភ្នំពេញ – ប្រធានរដ្ឋសភាអ៊ីរ៉ង់ Mohammad Bagher Ghalibaf បានព្រមានថា ប្រទេសរបស់គាត់មានសន្លឹកបៀថ្មីៗសម្រាប់លេងជាមួយសហរដ្ឋអាមេរិក ប្រសិនបើកិច្ចចរចាជុំទី២ ដែលត្រូវបានកំណត់ពេលនៅថ្ងៃពុធខាងមុខ បរាជ័យ។

ក្នុងសារបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទទី២០ មេសា ២០២៦ លោក Ghalibaf បានសរសេរយ៉ាងរឹងមាំថា៖ «យើងមិនទទួលយកការចរចានៅក្រោមស្រមោលនៃការគំរាមកំហែងបានទេ។ ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញសន្លឹកបៀថ្មីៗ នៅលើសមរភូមិ»។
អ្នកជំនាញវិភាគឃើញថា ការប្រកាន់ជំហររឹងរូសរៀងខ្លួននេះ ធ្វើឲ្យបទឈប់បាញ់ថ្មីទំនងមិនអាចកើតមានបានឡើយ ហើយសង្គ្រាមជាបន្តក៏នឹងត្រៀមផ្ទុះឡើងផងដែរ។

ប្រធានាធិបតីអាមេរិក លោកត្រាំ ក៏បានព្រមានរួចទៅហើយថា លោកទំនងជានឹងមិនបន្តកិច្ចព្រមព្រៀងឈប់បាញ់គ្នាជាមួយអ៊ីរ៉ង់ទៀតឡើយ ប្រសិនបើភាគីទាំងពីរនៅតែមិនអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយ។
បើភាគីទាំងពីរប្រយុទ្ធគ្នាទ្រង់ទ្រាយធំជាថ្មីមែន ពិភពលោកនឹងធ្លាក់ចូលទៅក្នុងជ្រោះវិបត្តិធ្ងន់ធ្ងរ ជាពិសេសវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីការឡើងថ្លៃទំនិញ ប្រេងសាំង និងឧស្ម័នជាដើម។
រូបភាពពីកិច្ចចរចាមុនៗបង្ហាញពីភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិក ដែលកំពុងឈានដល់ចំណុចគ្រោះថ្នាក់។
អត្ថបទ៖ សុខ សុវណ្ណ
