ក្រុមរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសអារ៉ាប់ រួមមាន អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម ហ្ស៊កដានី តួកគី អេហ្ស៊ីប ឥណ្ឌូនេស៊ី ប៉ាគីស្ថាន និងកាតា កាលពីថ្ងៃព្រហស្បតិ៍ទី២៣មេសា បានរួមគ្នាថ្កោលទោសយ៉ាងខ្លាំងចំពោះ «ការរំលោភបំពានម្ដងហើយម្ដងទៀតរបស់អាជ្ញាធរយោធាកាន់កាប់របស់អ៊ីស្រាអែល» ទៅលើស្ថានភាពដើមនៃប្រវត្តិសាស្ត្រ និងច្បាប់នៃទីតាំងសក្ការៈបូជាសាសនាអ៊ីស្លាម និងគ្រិស្តសាសនា នៅក្នុងទីក្រុងហ្សេរុយសាឡឹម។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាដែលចេញដោយក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ពួកគេបានថ្កោលទោស «ការចូលរំលោភបំពានដដែលៗពីសំណាក់ក្រុមអ្នកតាំងទីលំនៅអ៊ីស្រាអែល និងបណ្ដារដ្ឋមន្ត្រីជ្រុលនិយមទៅក្នុងវិហារអាល់អាកសា ព្រមទាំងការបង្ហូតទង់ជាតិអ៊ីស្រាអែល នៅតាមទីធ្លានៃវិហារនោះផងដែរ»។
យោងតាមទីភ្នាក់ងារ Al Arabiya រដ្ឋមន្ត្រីទាំងនោះបានបញ្ជាក់ជាថ្មីថា «សកម្មភាពញុះញង់ទាំងនេះ បង្កើតបានជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ហើយតំណាងឲ្យការញុះញង់ដែលមិនអាចទទួលយកបានចំពោះប្រជាជនមូស្លីមទូទាំងពិភពលោក»។
ក្រុមរដ្ឋមន្ត្រីបានបន្តថ្កោលទោសចំពោះសកម្មភាពពង្រីកការតាំងទីលំនៅខុសច្បាប់ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស រួមទាំងការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការអនុម័តលើការតាំងទីលំនៅថ្មីជាង ៣០ កន្លែងបន្ថែមទៀត ព្រមទាំងការបន្តបង្កើនអំពើហិង្សាពីសំណាក់ក្រុមអ្នកតាំងទីលំនៅអ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅតំបន់ West Bank ដែលកំពុងស្ថិតក្រោមការកាន់កាប់។
អត្ថបទ៖ សាង ស្រីល័ក្ខ
