វិមានក្រឹមឡាំងបានប្រកាសកាលពីថ្ងៃពុធថា លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ត្រៀមខ្លួនជួបលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប៉ុន្តែលុះត្រាណាតែការជួបនេះមានគោលបំណងដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពតែប៉ុណ្ណោះ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានបញ្ជាក់ថា លោកពូទីនត្រៀមទទួលជួបនៅមូស្គូគ្រប់ពេល តែជំនួបនោះត្រូវតែមានការរៀបចំយ៉ាងម៉ត់ចត់ និងមានផ្លែផ្កា ដោយលោកចោទប្រកាន់ថាអ៊ុយក្រែនខ្វះឆន្ទៈនយោបាយ។
ដោយឡែក លោកហ្សេលេនស្គីបានឆ្លើយតបថា អ៊ុយក្រែនត្រៀមខ្លួនសម្រាប់ការចរចាគ្រប់ទម្រង់ និងពេលវេលា ប៉ុន្តែការបន្តការចរចាវិញគឺមិនអាស្រ័យលើអ៊ុយក្រែនឡើយ។ លោកបានលើកឡើងថា តួកគី និងមជ្ឈិមបូព៌ាគឺជាទីតាំងអាទិភាព ដោយសង្កត់ធ្ងន់ថា អ៊ុយក្រែនអាចជួបគ្រប់ប្រទេស លើកលែងតែរុស្ស៊ី និងបេឡារុស។ លោកក៏ជំរុញឲ្យមានជំនួបត្រីភាគីឡើងវិញ ទោះបីកិច្ចពិភាក្សាសន្តិភាពដែលសម្របសម្រួលដោយអាមេរិកជាប់គាំងដោយសារសង្គ្រាមនៅអ៊ីរ៉ង់ក៏ដោយ។
