បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងមូស្គូរបស់លោកប្រធានាធិបតី Prabowo Subianto ឥណ្ឌូណេស៊ីបានឈានដល់កិច្ចព្រមព្រៀងដ៏ធំមួយជាមួយរុស្ស៊ីក្នុងការផ្គត់ផ្គង់ប្រេងរហូតដល់ ១៥០ លានបារ៉ែល ។ នេះបើយោងតាមការចុះផ្សាយរបស់ The Strait Times កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦។
លោក Hashim Djojohadikusumo ដែលជាបេសកជនពិសេសផ្នែកថាមពល និងត្រូវជាប្អូនប្រុសរបស់លោកប្រធានាធិបតី Prabowo បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា នេះគឺជាជំហានយុទ្ធសាស្ត្រដើម្បីជួយឲ្យសេដ្ឋកិច្ចឥណ្ឌូណេស៊ីមានស្ថិរភាព ចំពេលដែលតម្លៃប្រេងពិភពលោកកំពុងហក់ឡើងខ្ពស់ខ្លាំង។
នៅក្នុងជំនួបកាលពីសប្តាហ៍មុននៅវិមានក្រឹមឡាំង លោកប្រធានាធិបតី Prabowo និងលោក វ្ល៉ាឌីមៀរ ពូទីន បានជជែកគ្នាយ៉ាងស៊ីជម្រៅអំពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ជាពិសេសគឺការធានាសន្តិសុខផ្នែកថាមពល ។ ជាលទ្ធផល រុស្ស៊ីបានយល់ព្រមលក់ប្រេងចំនួន ១០០លានបារ៉ែលក្នុងតម្លៃពិសេសបំផុតជូនឥណ្ឌូណេស៊ី ហើយថែមទាំងត្រៀមបម្រុងទុកចំនួន ៥០ លានបារ៉ែលបន្ថែមទៀត ប្រសិនបើឥណ្ឌូណេស៊ីត្រូវការនៅពេលក្រោយ។ ការសម្រេចចិត្តនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវិបត្តិដែលឥណ្ឌូណេស៊ីកំពុងជួបប្រទះ ដោយសារតែប្រភពប្រេង ២០ ទៅ ២៥ ភាគរយរបស់ខ្លួន ត្រូវនាំចូលតាមរយៈច្រកសមុទ្រហ័រមូស ដែលកំពុងមានភាពតានតឹងខ្លាំងដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។
ថ្វីដ្បិតឥណ្ឌូណេស៊ីជាប្រទេសផលិតប្រេង ប៉ុន្តែតម្រូវការប្រើប្រាស់ប្រចាំថ្ងៃមានរហូតដល់ ១,៦ លានបារ៉ែល ខណៈដែលសមត្ថភាពផលិតក្នុងស្រុកមានត្រឹមតែ ៦០០,០០០ បារ៉ែលប៉ុណ្ណោះ ។ ភាពខុសគ្នានេះបានបង្ខំឲ្យឥណ្ឌូណេស៊ីត្រូវពឹងផ្អែកលើការនាំចូល ហើយរដ្ឋាភិបាលត្រូវចំណាយថវិកាយ៉ាងច្រើនដើម្បីឧបត្ថម្ភធនលើតម្លៃប្រេងជូនប្រជាជន ។ កន្លងមក ដើម្បីសន្សំសំចៃថាមពល រដ្ឋាភិបាលថែមទាំងបានដាក់ចេញនូវវិធានការរឹតត្បិតការប្រើប្រាស់ប្រេង និងតម្រូវឲ្យមន្ត្រីរាជការធ្វើការពីផ្ទះមួយថ្ងៃក្នុងមួយសប្តាហ៍ទៀតផង។
កិច្ចព្រមព្រៀងជាមួយរុស្ស៊ីលើកនេះ ប្រៀបដូចជាការបន្ធូរបន្ថយបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលបានប្តេជ្ញាថានឹងមិនដំឡើងតម្លៃប្រេងឧបត្ថម្ភធននៅក្នុងឆ្នាំ ២០២៦ ឡើយ ។ ការមានប្រេងស្តុកទុកក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ នឹងជួយឲ្យប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ អាចទប់ទល់នឹងភាពមិនប្រាកដប្រជានៃទីផ្សារពិភពលោក និងធានាថា ជីវភាពរបស់ប្រជាជនមិនត្រូវរងផលប៉ះពាល់ខ្លាំងដោយសារតែការឡើងថ្លៃនៃទំនិញ និងសេវាកម្មផ្សេងៗដែលបណ្តាលមកពីតម្លៃប្រេង៕
ប្រែសម្រួល៖ ឈាង
