ភ្នំពេញ៖ លោកបណ្ឌិត្យសភាចារ្យ ហង់ ជួនណារ៉ុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគុនមីង (Kunming University of Science and Technology) និងក្រុមហ៊ុន Zhipo Qingyan Technology របស់ចិន កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

គណៈប្រតិភូដឹកនាំដោយ លោក Zhang Huan ព្រឹទ្ធបុរសរងនៃវិទ្យាស្ថានស្រាវជ្រាវអំពីដែនអាកាស អាវកាស និងផ្ទៃដីសម្រាប់បរិស្ថានឆ្លាតវៃ និងជានាយកតំបន់និរតីនៃក្រុមហ៊ុន Zhipu Qingyuan Generative AI Platform បានសម្តែងនូវសេចក្តីរីករាយ និងបានលើកឡើងពីគោលបំណងក្នុងការពិនិត្យមើលលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI) និងសេដ្ឋកិច្ចរយៈកម្ពស់ទាប (Low-Altitude Economy) ជាមួយសាកលវិទ្យាល័យនានានៅកម្ពុជា។
លោក Zhang Huan ក៏បានលើកឡើងពីសាវតារ និងចក្ខុវិស័យក្នុងការបង្កើតកម្មវិធីរួមគ្នា ចិន-កម្ពុជា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញខ្ពស់ តាមរយៈការដាក់បញ្ចូលកម្មវិធីសិក្សាស្តីពីការប្រើប្រាស់ AI ប្រតិបត្តិការដ្រូន និងការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសកម្ពស់ទាប ដោយរួមបញ្ចូលគ្នារវាងការសិក្សាផ្នែកបណ្ឌិត្យសភា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងកោតសរសើរចំពោះគំនិតផ្តួចផ្តើមនេះ។ លោកបានគូសបញ្ជាក់ថា វិស័យ AI និងសេដ្ឋកិច្ចរយៈកម្ពស់ទាប គឺជាវិស័យអាទិភាពថ្មី ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យសាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាក់ព័ន្ធ បន្តពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឃុនមីងបន្ថែមទៀត។ លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពយុវជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយរឹតចំណងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត៕
