រាជធានីភ្នំពេញ ៖ សាលារៀនឯកជន ឃីងឃីដ ត្រូវបានអគ្គិភ័យឆាបឆេះបន្ទប់នៅជាន់ទី៤ ផ្សែងហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលដល់លោកគ្រូអ្នកគ្រូ នាំគ្នាជម្លៀសសិស្សចេញ និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១២និង២១នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដែលស្ថិតនៅចំណុចសាលាឯកជន ឃីងឃីដ តាមផ្លូវ៨១៧ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលក្មេងសិស្សសាលាកំពុងនាំគ្នាទៅរៀន ស្រាប់តែភ្លើងបានឆាប់ឆេះបន្ទប់ថ្នាក់រៀន នៅជាន់ទី៤ ផ្សែងហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលដល់លោកគ្រូអ្នកគ្រូនិងបុគ្គលិក នាំគ្នាជួយជម្លៀសក្មេងៗជាសិស្សចេញ ព្រមទាំងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍។

តាមនគរបាលការិយាល័យបង្ការ ពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍បាញ់ពន្លត់ចំនួន ១៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១០ឡាន ស្មើនឹង ៤០ម៉ែត្រគូប ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង១នឹង១០នាទីរសៀល នាថ្ងៃដដែល។

តាមនគរបាលបានឲ្យដឹងទៀតថា អគ្គិភ័យនេះបណ្តាលឲ្យបន្ទប់ចំនួន៣បានរងការខូចខាត រួមមានម៉ាស៊ីនត្រជាក់ ០១គ្រឿង, កង្ហារចំនួន ០១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។


តាមនគរបាលបានឲ្យដឹងទៀតថា អគ្គីភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕






អត្ថបទសរសេរដោយ៖ ម៉េង ធា
កែសម្រួលដោយ៖ ធីតា
