ករណីអគ្គិភ័យឆាបឆេះព្រៃយ៉ាងសន្ធោសន្ធៅមួយបានកើតឡើងនៅវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិត្រពាំងព្រីង ឃុំរនាម ស្រុកទ្រាំង និងរាលដាលបន្តដល់ភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់។

កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តបានចេញរថយន្ដពន្លត់អគ្គិភ័យចំនួន៦គ្រឿង និងប្រើប្រាស់ទឹកអស់៣០ឡាន ទើបគ្រប់គ្រងស្ថានការណ៍បាន។
តាមការបញ្ជាក់ពីសមត្ថកិច្ច អគ្គិភ័យនេះបានឆាបឆេះលើផ្ទៃព្រៃដែលមានដើមប្រេងខ្យល់ ដើមអាកាស្យ៉ា និងរុក្ខជាតិផ្សេងៗជាច្រើន បណ្តាលឲ្យភ្លើងឆេះរាលដាលយ៉ាងលឿន ដោយសារស្ថានភាពអាកាសធាតុក្តៅ និងខ្យល់បក់ខ្លាំង។

ក្នុងប្រតិបត្តិការអន្តរាគមន៍ កម្លាំងសមត្ថកិច្ចបានចាត់វិធានការទាន់ពេលវេលាដោយបញ្ជូនរថយន្តពន្លត់អគ្គិភ័យពីស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង និងស្រុកត្រាំកក់ ព្រមទាំងកម្លាំងនគរបាលប៉ុស្តិ៍លាយបូរ ចូលរួមអន្តរាគមដោយប្រើប្រាស់ទឹកសរុប៣០ឡានទើបគ្រប់គ្រងស្ថានការណ៍បាន១០០%។

គួរបញ្ជាក់ថា អគ្គិភ័យនេះមិនបណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ។ ទោះជាយ៉ាងណា ករណីនេះបង្ហាញឲ្យឃើញពីហានិភ័យខ្ពស់នៃអគ្គិភ័យក្នុងរដូវក្តៅ ដែលអាចបង្កឡើងដោយកត្តាធម្មជាតិ ឬសកម្មភាពមនុស្ស។ អាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើង និងចៀសវាងសកម្មភាពដែលអាចបង្កឲ្យមានអគ្គិភ័យ ដើម្បីការពារបរិស្ថាន និងសុវត្ថិភាពសហគមន៍ទាំងមូល៕
