គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានឆ្មក់ចុះត្រួតពិនិត្យទីតាំងតារាងបាល់ទះមួយកន្លែង ក្រោយពីមានការបង្ហោះលើបណ្ដាញសង្គមថា ទីតាំងនេះត្រូវបានប្រើប្រាស់បង្កប់លេងល្បែងស៊ីសងគ្រប់ប្រភេទ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដោយបានចាត់ឲ្យលោក គ្រួច សុធន់ នាយករងរដ្ឋបាល ដឹកនាំកម្លាំងចុះពិនិត្យជាក់ស្ដែងនៅទីតាំងក្បែរតារាងបាល់ទះ តាមបណ្ដោយផ្លូវលេខ២១៣ សង្កាត់វាលវង់ រាជធានីភ្នំពេញ។

ជាក់ស្ដែងនៅពេលអាជ្ញាធរចុះទៅដល់ ពុំឃើញមានសម្ភារៈអ្វីគួរឲ្យសង្ស័យពាក់ព័ន្ធនឹងល្បែងស៊ីសងនោះទេ មានតែបន្ទប់ទុកចោលទទេ។ ទោះជាយ៉ាងណា អាជ្ញាធរបានណែនាំដល់ម្ចាស់តារាងបាល់ទះ និងអ្នកគ្រប់គ្រង កុំឲ្យផ្ដល់ទីតាំងសម្រាប់លេងល្បែងស៊ីសងខុសច្បាប់ ហើយបើតាមដានឃើញនឹងចាត់វិធានការតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា ការចុះពិនិត្យនេះកើតឡើងបន្ទាប់ពីមានការបង្ហោះរូបភាព និងវីដេអូលើបណ្ដាញសង្គមពីសកម្មភាពលេងល្បែងស៊ីសង ដោយអះអាងថាស្ថិតនៅតារាងបាល់ទះតាមបណ្ដោយផ្លូវលេខ២១៣។ ទោះជាយ៉ាងណា លោក លី ឈុនអ៊ូ ហៅអ៊ូ អាយុ៤៧ឆ្នាំ ដែលជាម្ចាស់ទីតាំង បានចេញលិខិតបដិសេធដាច់ខាតដោយអះអាងថាជារូបភាពកាត់ត ធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក។

ដោយឡែក លោក លី ឈុនអ៊ូ ក៏បានបញ្ជាក់ថា ប្រសិនបើតំបន់នេះមានល្បែងស៊ីសងខុសច្បាប់ដូចការចោទប្រកាន់មែន លោកស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចចុះអនុវត្តតាមផ្លូវច្បាប់។





អត្ថបទ៖ រដ្ឋា
