ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនអន្តរស្រុក! ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន៤កញ្ចប់ នៅស្រុកសាមគ្គីមុនីជ័យ

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនអន្តរស្រុក! ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន៤កញ្ចប់ នៅស្រុកសាមគ្គីមុនីជ័យ

ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចបានសហការគ្នាពី៣ស្រុក ចុះបង្ក្រាបបទល្មើសគ្រឿងញៀនដោយជោគជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ព្រមទាំងដកហូតវត្ថុតាងសំខាន់ៗជាច្រើន។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅថ្ងៃទី២៣ ខែមេសានេះថា ការបង្ក្រាបនេះធ្វើឡើងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងសម្របសម្រួលនីតិវិធីពីលោក សុិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន (ស្តីទី)។

ប្រភពបន្តថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៥០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ស្រុកសាមគ្គីមុនីជ័យ និងស្រុកអង្គស្នូល ខេត្តកណ្តាល ចុះបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀន នៅចំណុចភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ។

វត្ថុតាងគ្រឿងញៀន

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមមាន៖ ទី១. ឈ្មោះ គឹម ស៊ីណា ហៅ សេ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅខេត្តកណ្តាល និង ទី២. ឈ្មោះ សឺន វណ្ណដេត ហៅ ដេត ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅខេត្តកណ្តាលដូចគ្នា។

ជនសង្ស័យនិងវត្ថុតាង

ជាលទ្ធផល សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៤កញ្ចប់មធ្យម ទូរស័ព្ទចំនួន ២គ្រឿង និងម៉ូតូ ១គ្រឿង។

វត្ថុតាង

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត។

administrator

Related Articles