ឥណ្ឌា បានឆ្លើយតបយ៉ាងខ្លាំងក្លាទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្រោយពីលោកបានបង្ហោះសារប្រមាថមួយ ដោយហៅប្រទេសឥណ្ឌាថាជា «រន្ធនរក (hellhole)»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការអត្ថាធិប្បាយដ៏ចម្រូងចម្រាសនេះ កើតឡើងនៅមុនដំណើរទស្សនកិច្ចដែលបានគ្រោងទុកនៅខែក្រោយទៅកាន់ប្រទេសឥណ្ឌា ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលនឹងស្វែងរកវិធីបញ្ចប់ភាពតានតឹងរវាងមហាអំណាចទាំងពីរដែលជាមិត្តភក្តិនឹងគ្នា។
លោក ត្រាំ កាលពីយប់ថ្ងៃពុធទី២២ មេសា បានបង្ហោះការរិះគន់យ៉ាងចាស់ដៃលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយថ្កោលទោសសិទ្ធិទទួលបានសញ្ជាតិអាមេរិកតាមរយៈការផ្តល់កំណើត។ ការបង្ហោះនេះបានចោទប្រកាន់ជនអន្តោប្រវេសន៍ឥណ្ឌាក្នុងឧស្សាហកម្មបច្ចេកវិទ្យាថា មិនបានជួយជនជាតិអាមេរិកដើមកំណើតស្បែកស និងខ្វះជំនាញភាសាអង់គ្លេស។
ខ្លឹមសារក្នុងការបង្ហោះបានលើកឡើងថា «ទារកម្នាក់កើតនៅទីនេះក្លាយជាពលរដ្ឋអាមេរិកភ្លាមៗ ហើយនាំក្រុមគ្រួសារទាំងមូលមកពីប្រទេសចិន ឥណ្ឌា ឬរន្ធនរកផ្សេងទៀតនៅលើភពផែនដីនេះ»។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានឆ្លើយតបថា ការអត្ថាធិប្បាយនេះ «ច្បាស់ណាស់ថាជាការខ្វះព័ត៌មាន មិនសមរម្យ និងគ្មានសុជីវធម៌ទាល់តែសោះ ហើយមិនឆ្លុះបញ្ចាំងពីការពិតនៃទំនាក់ទំនងឥណ្ឌា-អាមេរិក ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមកនោះឡើយ»។
ដោយឡែក សមាជិកសភាអាមេរិកដើមកំណើតឥណ្ឌា លោក Ami Bera បានហៅការបង្ហោះរបស់លោកត្រាំថា «ជាការប្រមាថ ល្ងង់ខ្លៅ និងស្ថិតនៅក្រោមសេចក្តីថ្លៃថ្នូរនៃតំណែងប្រធានាធិបតី»។ លោកបន្ថែមថា លោកត្រាំ ចាប់កំណើតក្នុងគ្រួសារមានទ្រព្យសម្បត្តិ មិនដែលឆ្លងកាត់ការតស៊ូលំបាកដូចគ្រួសារជនអន្តោប្រវេសន៍ដទៃឡើយ។
ការប៉ះទង្គិចពាក្យសម្តីនេះ បង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងទៅនឹងកិច្ចខិតខំប្រឹងប្រែងអស់ជាច្រើនទសវត្សរ៍របស់ប្រធានាធិបតីអាមេរិកជាបន្តបន្ទាប់ ដែលតែងតែព្យាយាមកសាងទំនាក់ទំនងជាមួយប្រទេសប្រជាធិបតេយ្យធំបំផុតលើពិភពលោកមួយនេះ ខណៈដែលក្រុមអ្នករៀបចំគោលនយោបាយអាមេរិកចាត់ទុកឥណ្ឌាថាជាកម្លាំងតុល្យភាពដ៏សំខាន់ដើម្បីទប់ទល់នឹងចិន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
