រឿងរ៉ាវដ៏រន្ធត់មួយបានកើតឡើងក្នុងជួរកងទ័ពអាមេរិក នៅពេលដែលទាហានពិសេសម្នាក់ត្រូវបានរកឃើញថាបានប្រើប្រាស់ព័ត៌មានសម្ងាត់របស់រដ្ឋាភិបាលទៅភ្នាល់ល្បែងស៊ីសង ដើម្បីរកប្រាក់ចំណេញផ្ទាល់ខ្លួន។

លោក Gannon Ken Van Dyke ទាហានពិសេសក្នុងជួរកងទ័ពជើងគោកអាមេរិក កំពុងប្រឈមមុខនឹងការកាត់ទោសពីបទប្រើប្រាស់ព័ត៌មានផ្ទៃក្នុងនៃប្រតិបត្តិការយោធាដ៏សម្ងាត់បំផុត។
យោងតាមពាក្យបណ្តឹងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដែលចុះផ្សាយដោយ AFP លោក Van Dyke បានបើកគណនីលើគេហទំព័រភ្នាល់អន្តរជាតិមួយកាលពីចុងឆ្នាំ២០២៥ ដោយដាក់ប្រាក់ភ្នាល់ជាង ៣៣,០០០ ដុល្លារ ថាលោកនីកូឡាស ម៉ាឌូរ៉ូ នឹងត្រូវទម្លាក់ពីអំណាចមុនខែមករា ឆ្នាំ២០២៦។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ លោក Van Dyke ខ្លួនឯងជាអ្នកចូលរួមដោយផ្ទាល់ក្នុងការរៀបចំផែនការ និងអនុវត្តយុទ្ធនាការយោធាចាប់ខ្លួនលោកម៉ាឌូរ៉ូនេះតែម្តង។ លោកបានភ្នាល់ដល់ទៅ ១៣ដង និងទទួលបានប្រាក់ចំណេញជាង ៤០៩,០០០ ដុល្លារ។
ក្រោយយុទ្ធនាការបញ្ចប់ដោយជោគជ័យ លោក Van Dyke បានដកប្រាក់ចំណេញទៅដាក់ក្នុងកាបូបលុយអេឡិចត្រូនិក (Crypto wallet) នៅក្រៅប្រទេស ដើម្បីបិទបាំងដាន និងស្នើសុំលុបគណនីភ្នាល់ចោលដោយយកលេសថាបាត់បង់ការគ្រប់គ្រងអ៊ីមែល។ ប៉ុន្តែក្រុមហ៊ុនភ្នាល់បានសហការជាមួយក្រសួងយុត្តិធម៌អាមេរិក បន្ទាប់ពីសង្ស័យថាមានការប្រើប្រាស់ព័ត៌មានសម្ងាត់។

ប្រធានាធិបតីដូណាល់ ត្រាំ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយមានប្រសាសន៍ថា លោកមិនចូលចិត្តអ្វីដែលពាក់ព័ន្ធនឹងការភ្នាល់ឡើយ ហើយវាជារឿងគួរឱ្យសោកស្តាយដែលពិភពលោកប្រែក្លាយទៅជាកាស៊ីណូ។ នាយក FBI លោក Kash Patel បានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់ស្ថិតនៅពីលើច្បាប់នោះទេ។
សូមរំលឹកថា កាលពីថ្ងៃទី៣ ខែមករា អាមេរិកបានបើកប្រតិបត្តិការ «Operation Absolute Resolve» ដោយប្រើយន្តហោះប្រមាណ ១៥០គ្រឿង វាយប្រហារតាមអាកាសក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីបើកផ្លូវឱ្យកងទ័ពពិសេសចូលចាប់ខ្លួនលោកម៉ាឌូរ៉ូ និងភរិយានៅក្នុងរដ្ឋធានីការ៉ាកាស។ បច្ចុប្បន្ន លោកម៉ាឌូរ៉ូ ត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងនៅទីក្រុងញូវយ៉ក ដោយទំនាក់ទំនងត្រូវបានអនុញ្ញាតតែជាមួយគ្រួសារ និងមេធាវីប៉ុណ្ណោះ។ អំណាចដឹកនាំនៅវ៉េណេស៊ុយអេឡាបានធ្លាក់ទៅលើលោកស្រី Delcy Rodriguez ជាប្រធានាធិបតីបណ្តោះអាសន្ន៕
