រាជធានីភ្នំពេញ៖ ក្រុមហ៊ុន TADA ដែលជាប្រតិបត្តិករកម្មវិធីកក់ហៅយានជំនិះឈានមុខគេនៅកម្ពុជា បានប្រកាសឈប់យកថ្លៃសេវាប្រើប្រាស់ប្រព័ន្ធពីដៃគូបើកបរទាំងស្រុង ចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ តទៅ។ នេះជាគំនិតផ្តួចផ្តើមប្រវត្តិសាស្ត្រមួយ ដើម្បីលើកកម្ពស់ជីវភាពដៃគូបើកបរ ក្នុងអំឡុងពេលវិបត្តិតម្លៃប្រេងឥន្ធនៈ និងហ្គាសសកល។

ការសម្រេចចិត្តនេះធ្វើឡើងក្រោមចក្ខុវិស័យស្នូលរបស់ TADA ដែលផ្តោតលើការលើកកម្ពស់ជីវភាពដៃគូបើកបរ។ ក្រុមហ៊ុនមិនចង់ដាក់បន្ទុកលើអតិថិជនឡើយ ដូច្នេះទើបសម្រេចរ៉ាប់រងថ្លៃដើមនេះដោយខ្លួនឯង។ លោក ទី លីមកុសល អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន TADA ប្រចាំកម្ពុជា បានថ្លែងថា ក្រុមហ៊ុនព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ដៃគូបើកបរ ហើយសង្ឃឹមថាការលុបចោលថ្លៃប្រព័ន្ធនឹងផ្តល់ចំណូលបន្ថែមសម្រាប់ពួកគាត់ទាំងអស់គ្នា។

គួរបញ្ជាក់ថា TADA គឺជាប្រតិបត្តិករតែមួយគត់នៅកម្ពុជាដែលមិនគិតកម្រៃជើងសារពីដៃគូបើកបរ។ ពីមុន ដៃគូបើកបរត្រូវបង់តែថ្លៃប្រើប្រាស់ប្រព័ន្ធទាបត្រឹម ៣០០រៀល ឬ ៤០០រៀលប៉ុណ្ណោះ ខណៈទីផ្សារផ្សេងទៀតគិតកម្រៃជើងសារពី ១៥% ទៅ ៣០%។ ឥឡូវនេះ សូម្បីតែថ្លៃប្រព័ន្ធទាបនេះ ក៏ត្រូវបានលុបចោលដែរ។ ឧទាហរណ៍ បើថ្លៃធ្វើដំណើរ ៦០០០រៀល ដៃគូបើកបរនឹងទទួលបាន ៦០០០រៀលពេញលេញ។

បច្ចុប្បន្ន TADA ប្រតិបត្តិការនៅទូទាំងទីរួមខេត្ត-រាជធានីសំខាន់ៗចំនួនប្រាំពីរ រួមមាន ភ្នំពេញ សៀមរាប ព្រះសីហនុ កំពត កែប ប៉ោយប៉ែត និងបាត់ដំបង។ សេវាកម្មមានយានជំនិះចំនួន ៧ ប្រភេទ រួមមាន ម៉ូតូតាក់ស៊ី កង់បីធម្មតា កង់បីខ្នាតធំ កង់បីអគ្គិសនី ឡាន ឡានអគ្គិសនី និងរុឺម៉ក។

លោក ទី លីមកុសល បានបន្ថែមថា គំនិតផ្តួចផ្តើមនេះមិនគ្រប់គ្រាន់ទេ បើគ្មានការចូលរួមពីប្រជាពលរដ្ឋ។ លោកអំពាវនាវឱ្យប្រជាពលរដ្ឋជួយលើកកម្ពស់ជីវភាពអ្នកបើកបរតាមរយៈការប្រើប្រាស់សេវាកម្ម TADA ដែលមិនគិតទាំងកម្រៃជើងសារ និងថ្លៃប្រើប្រាស់ប្រព័ន្ធ៕
