ខេត្តកំពង់ស្ពឺ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ជាង រចនា មេបញ្ជាការមូលដ្ឋាន បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

ការបង្ក្រាបនេះធ្វើឡើងនៅចំណុចផ្ទះមួយកន្លែង ស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ ឈុន កក្តដា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិក្រាំងដូង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

វត្ថុតាងដែលកម្លាំងចាប់យកបានរួមមាន៖
- ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់ (ទម្ងន់ ០.៧៩ក្រាម)
- ទូរស័ព្ទដៃ OPPO ពណ៌ខ្មៅ ចំនួន ០១គ្រឿង
- កាំភ្លើងកែឆ្នៃ ចំនួន ០១ដើម
- ថង់ច្រក ចំនួន ០១ដុំ
- ឧបករណ៍ប្រើប្រាស់មួយចំនួនទៀត

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
