ប្រទេសចិន៖ កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា សៅ សុភារ៉ា បានធ្វើឲ្យអ្នកគាំទ្រទូទាំងប្រទេសរំភើប ក្រោយផ្តួលកីឡាករថៃ Soonthorn Sarin ឲ្យបោះបង់ការប្រកួតដោយសាររបួសស្មា និងត្រូវសែងចេញពីទីលាន នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

ការប្រកួតនេះជាវិញ្ញាសារបុរសទម្ងន់ ៦៩គីឡូក្រាម វគ្គ៣២នាក់ចុងក្រោយ នៃព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ីលើកទី៦ (The Asian Beach Games 2026) នៅទីក្រុងសាន់យ៉ា (Sanya) ប្រទេសចិន។

នៅក្នុងការប្រកួតដ៏ជក់ចិត្តនោះ សៅ សុភារ៉ា ធ្វើបានយ៉ាងល្អ ដោយបានផ្តួលកីឡាករថៃឲ្យសែងចេញពីទីលានជាមួយលទ្ធផល ៥០-០។ តាមរយៈជ័យជម្នះនេះ សុភារ៉ាបានបន្តឡើងទៅវគ្គ ១៦នាក់ចុងក្រោយ ដោយជួបកីឡាករកូរ៉េខាងត្បូង Lee Jae-young ប៉ុន្តែគួរឲ្យសោកស្តាយ សុភារ៉ាត្រូវចាញ់ក្នុងលទ្ធផល ៥០-០ អស់ឱកាសត្រឹមនេះ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាខាងលើនេះ កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី ៤ប្រភេទកីឡា ចំនួន ៣២រូប រួមមាន ជឺជីតស៊ូ ទ្រីអាត្លុង បាល់ទាត់លើតុ និងចំបាប់។ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កម្ពុជារកបានមេដាយប្រាក់ ១គ្រឿងរួចហើយ ដោយកីឡាការិនីទ្រីយ៉ាត្លុង ម៉ាហ្គ មរតក ហ្គារ៉ាប៊ីឌៀន (Garabedian Margot Morokot) ដែលជាកូនកាត់ខ្មែរ-បារាំង កាលពីថ្ងៃទី២៣ ខែមេសា នៅលើវិញ្ញាសា Aquathlon Individual៕
