ខេត្តកំពត៖ លោក ទេព សុខផេង មន្ត្រីអធិការដ្ឋាននគរបាលក្រុងកំពត ដែលបានយកកែវស្រាគប់ទៅលើអ្នកចាប់ទឹកកកបណ្តាលឲ្យបែកក្បាល ត្រូវបានលោកចៅក្រមសើបសួរ សេង ម៉ាឡាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពតហើយ។

សកម្មភាពរបស់មន្ត្រីរូបនេះត្រូវបានចាត់ទុកថាជាអំពើហឹង្សា និងផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ ដែលមន្ត្រីនគរបាលត្រូវមានភាពល្អជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មិនមែនជាអ្នកគៀបសង្កត់ប្រជាពលរដ្ឋឡើយ។
ក្រុមប្រឹក្សាវិន័យនៃស្នងការដ្ឋាននគរបាលខេត្តកំពត គ្រោងធ្វើរបាយការណ៍ និងសំណើទៅកាន់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងកាត់ឈ្មោះលោក ទេព សុខផេង ចេញពីក្របខ័ណ្ឌនគរបាលជាតិបន្ថែមទៀត។
ស្នងការនគរបាលខេត្តកំពតបានអំពាវនាវដល់មន្ត្រីនគរបាលទាំងអស់កុំយកគំរូតាមបុគ្គលរូបនេះជាដាច់ខាត។
