
ភ្នំពេញ៖ ក្រោយពីការស៊ើបសួរត្រូវបានបញ្ចប់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ស សំណាង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនក្មេងស្ទាវទំនើងចំនួន ១១នាក់ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្នុងករណីគប់រថយន្តម៉ាក AVATAR ខូចខាតយ៉ាងដំណំ។
ជនសង្ស័យទាំង ១១នាក់ ត្រូវបានឃាត់ខ្លួនដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចាប់ពីថ្ងៃទី១៧ ដល់ ២០ ខែមេសា ឆ្នាំ២០២៦។ ពួកគេប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី១៦ ខែមេសា វេលាម៉ោង ១៩ និង ០នាទី នៅចំណុចមុខហាងម៉ាស្សាយីហោ ម៉ាយូរ៉ា ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្រុមនេះបានប្រើប្រាស់ដុំថ្ម មួកសុវត្ថិភាព ដៃ ជើង គប់ និងវាយលើរថយន្តម៉ាក AVATAR ០៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ MUSTAFA បណ្តាលឲ្យបែកកញ្ចក់ខាងមុខនិងខាងក្រោយ បែកកញ្ចក់ទ្វារ និងខូចខាតផ្នែកផ្សេងៗទៀតជាច្រើន។ សកម្មភាពនេះកើតឡើងដោយសារតែក្មេងទាំងនេះសប្បាយភ្លេចគិត ពពាក់ពពូនគ្នាដេញគប់រថយន្តអ្នកដំណើរលើផ្លូវសាធារណៈ។

ជនត្រូវចោទត្រូវបានចោទប្រកាន់ពីបទ «ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះ ជនត្រូវចោទប្រឈមជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន ទៅ ១០លានរៀល ព្រមទាំងរួមគ្នាសងជម្ងឺចិត្តដល់ដើមបណ្តឹងរដ្ឋប្បវេណីទៀតផង។

បច្ចុប្បន្ន ក្រុមជនត្រូវចោទទាំង ១១នាក់ កំពុងត្រូវឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន រងចាំការជំនុំជំរះក្តីនៅមុខច្បាប់។

សកម្មភាពចាប់ខ្លួននេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ព្រមទាំងលោកវរសេនីយ៍ឯក ម៉ម សាវន ដោយអនុវត្តតាមអនុសាសន៍របស់ថ្នាក់ដឹកនាំនគរបាលជាតិ៕
ដោយ៖ រ៉ារ៉ា
