ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ រៀបចំអនុវត្តការផ្ទេរដឹកបញ្ជូនជនជាប់ឃុំចំនួន ៣០០ នាក់ ពីពន្ធនាគារខេត្តកណ្តាល ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយភាពចង្អៀតណែន និងលើកកម្ពស់លក្ខខណ្ឌរស់នៅរបស់ជនជាប់ឃុំ។ ជាមួយគ្នានេះ ពួកគេនឹងទទួលបានឱកាសក្នុងការអប់រំកែប្រែ ស្តារនីតិសម្បទា ព្រមទាំងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរផ្សេងៗ ដើម្បីត្រៀមខ្លួនក្លាយជាពលរដ្ឋល្អប្រសើរ នៅពេលវិលត្រឡប់ចូលសហគមន៍វិញ បន្ទាប់ពីអនុវត្តន៍ទោសរួច។

ប្រតិបត្តិការផ្ទេរនេះ ត្រូវបានចុះអនុវត្តន៍ក្រោមបញ្ជាផ្ទាល់ពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ធ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈឹម សុផាណារ៉ាត ប្រធាននាយកដ្ឋានប្រតិបត្តិ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ប្រកបដោយសុវត្ថិភាពខ្ពស់។

ការផ្ទេរនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ប្រព័ន្ធពន្ធនាគារ និងផ្តល់ឱកាសឲ្យអ្នកទោសមានលទ្ធភាពកសាងអនាគតថ្មីប្រកបដោយភាពថ្លៃថ្នូរ។
ដោយ៖ ជ្រោយពេជ្រ
