រឿងក្ដីដ៏ក្ដៅគគុករបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានឈានដល់ដំណាក់កាលសំខាន់មួយទៀតហើយ បន្ទាប់ពីចៅក្រមឧទ្ធរណ៍នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានសម្រេចថា តុលាការពិតជាមានអំណាចពេញលេញក្នុងការកាត់ទោសមេដឹកនាំរូបនេះ ពាក់ព័ន្ធនឹងតួនាទីយ៉ាងសំខាន់របស់លោកអំឡុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត។
ការសម្រេចនេះបានធ្វើឲ្យបំណងរបស់ភាគីការពារក្ដី ដែលចង់ឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើលោក Duterte ត្រូវរលាយសាបសូន្យ។ សាច់ញាតិជនរងគ្រោះនៃសង្គ្រាមគ្រឿងញៀនដែលកាន់បដាសរសេរថា «ការប្រយុទ្ធនៅតែបន្ត» និង «ឲ្យ Duterte ទទួលខុសត្រូវ» បានស្រែកហ៊ោយ៉ាងត្រេកអរពេញសាកលវិទ្យាល័យ (រូបថត៖ REUTERS)។
យោងតាមការចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ របស់ Asia One គ្រួសារនៃជនរងគ្រោះបានតាមដានការផ្សាយបន្តផ្ទាល់នៃការប្រកាសសាលក្រមនេះ ហើយបានផ្ទុះការត្រេកអរយ៉ាងខ្លាំង។ សម្រាប់ពួកគេ នេះគឺជាពន្លឺនៃយុត្តិធម៌ដែលរង់ចាំជាយូរមកហើយ។
ចំណុចចម្រូងចម្រាសបំផុតនៅក្នុងរឿងក្ដីនេះ គឺការដែលប្រទេសហ្វីលីពីនបានដកខ្លួនចេញពីសមាជិកភាពនៃតុលាការ ICC កាលពីឆ្នាំ២០១៨។ មេធាវីការពារក្ដីរបស់លោក Duterte បានយកហេតុផលនេះមកអះអាងថា តុលាការលែងមានសិទ្ធិកាត់ទោសកូនក្ដីរបស់ខ្លួនទៀតហើយ និងបានទាមទារឲ្យមានការដោះលែងលោកជាបន្ទាន់។ ប៉ុន្តែ ចៅក្រមឧទ្ធរណ៍បានបដិសេធការលើកឡើងនេះ ដោយពន្យល់ថា ការស៊ើបអង្កេតបឋមបានចាប់ផ្ដើមតាំងពីមុនពេលហ្វីលីពីនដកខ្លួនចេញម្ល៉េះ ដូច្នេះតុលាការនៅតែមានអំណាចបន្តនីតិវិធីលើបទល្មើសដែលបានកើតឡើងក្នុងអំឡុងពេលនោះដដែល។
តាមការចោទប្រកាន់របស់រដ្ឋអាជ្ញា លោក Duterte បានបង្កើត និងបង្កប់កងកម្លាំង ព្រមទាំងផ្ដល់អាវុធដល់ក្រុមខ្មាន់កាំភ្លើង ដើម្បីតាមសម្លាប់អ្នកជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀន ក្នុងអំឡុងពេលលោកកាន់អំណាចពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។ លោក Duterte ដែលបច្ចុប្បន្នមានវ័យ៨១ឆ្នាំ និងកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់តុលាការ ICC នៅទីក្រុងឡាអេ ចាប់តាំងពីខែមីនាឆ្នាំ២០២៥មក តែងតែបដិសេធ និងអះអាងថា លោកគ្រាន់តែបញ្ជាឲ្យប៉ូលិសបាញ់សម្លាប់ក្នុងករណីការពារខ្លួនតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ ឈាង
