ភ្ញាក់ផ្អើល! ត្រាំប្រកាសបន្តបទឈប់បាញ់អ៊ីស្រាអែល-លីបង់ ៣សប្តាហ៍ទៀត សង្ឃឹមចរចាជាមួយអ៊ីរ៉ង់

ភ្ញាក់ផ្អើល! ត្រាំប្រកាសបន្តបទឈប់បាញ់អ៊ីស្រាអែល-លីបង់ ៣សប្តាហ៍ទៀត សង្ឃឹមចរចាជាមួយអ៊ីរ៉ង់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសបន្តបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៃប្រទេសលីបង់ បន្ថែមរយៈពេល៣សប្តាហ៍ទៀត។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមន្ត្រីអ៊ីស្រាអែល និងលីបង់ជួបចរចានៅការិយាល័យពងក្រពើ សហរដ្ឋអាមេរិក។

អ្នកគាំទ្រក្រុមហេសបូឡា

លោក ត្រាំ បានសរសេរលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ទី២៣ ខែមេសា ឆ្នាំ២០២៦ ថា៖ «កិច្ចប្រជុំបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ! សហរដ្ឋអាមេរិកនឹងធ្វើការជាមួយលីបង់ ដើម្បីជួយប្រទេសនេះការពារខ្លួនពីក្រុមហេសបូឡា។ បទឈប់បាញ់នឹងត្រូវពន្យារពេលបីសប្តាហ៍បន្ថែមទៀត»។

ទោះបីជាយ៉ាងណា អ៊ីស្រាអែលព្រមានថា ខ្លួនរក្សាសិទ្ធិក្នុងការវាយប្រហារវិញភ្លាមៗ ប្រសិនបើក្រុមហេសបូឡារំលោភបទឈប់បាញ់ ឬព្យាយាមដឹកជញ្ជូនសព្វាវុធ។

សូមជម្រាបថា នេះគឺជាការបន្តពីបទឈប់បាញ់ដំបូងរយៈពេល១០ថ្ងៃ ដែលចាប់ផ្ដើមកាលពីថ្ងៃទី១៦ ខែមេសា។ លោក ត្រាំ បង្ហាញក្ដីសង្ឃឹមថា បទឈប់បាញ់នេះ គឺជា«ជំហានដ៏សំខាន់» ឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពកាន់តែធំជាមួយអ៊ីរ៉ង់។ លោកជឿថា នៅពេលសមរភូមិលីបង់ស្ងប់ស្ងាត់ វានឹងធ្វើឲ្យអ៊ីរ៉ង់កាន់តែទន់ចិត្តចូលមកដល់តុចរចាជាមួយអាមេរិក។

គួរបញ្ជាក់ថា មេដឹកនាំពិភពលោកជាច្រើន គ្មានប្រតិកម្មសូម្បីតែមួយពាក្យចំពោះការពន្យារបទឈប់បាញ់ជាឯកតោភាគីរបស់លោក ត្រាំ នេះទេ៕

administrator

Related Articles