រំលាយរឿង! នគរបាលខេត្តកណ្តាលចាប់ខ្លួនជនសង្ស័យ០៣នាក់ ករណីវាយគ្នាក្នុងសួនឧស្សាហកម្ម Y7 ស្រុកពញាឮ

រំលាយរឿង! នគរបាលខេត្តកណ្តាលចាប់ខ្លួនជនសង្ស័យ០៣នាក់ ករណីវាយគ្នាក្នុងសួនឧស្សាហកម្ម Y7 ស្រុកពញាឮ

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនានៅក្នុងបរិវេណសួនឧស្សាហកម្ម Y7 ភូមិត្រពាំងព្រៃ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបានឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទី នៅចំណុចសួនឧស្សាហកម្ម Y7 ដោយក្រុមកម្មកររោងចក្រចំនួនពីរក្រុមបានវាយគ្នាទៅវិញទៅមក។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលស្រុកពញាឮបានដឹកនាំកម្លាំងជំនាញស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ។

ជនសង្ស័យទាំង ០៣នាក់រួមមាន៖ ក្រុមទី១ ឈ្មោះ រី រ៉ុង ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករ និងក្រុមទី២ ឈ្មោះ តន វាសនា ភេទប្រុស អាយុ២៤ឆ្នាំ និង សួង សុខរី ភេទប្រុស អាយុ២០ឆ្នាំ ទាំងពីរនាក់ជាកម្មកររោងចក្រដូចគ្នា។

នគរបាលឃាត់ខ្លួនជនសង្ស័យ

ក្នុងចំណោមក្រុមជនសង្ស័យភាគីទី១ មានបក្ខពួកចំនួន ០៤នាក់ ក្នុងនោះឈ្មោះ រ៉េន រ៉ូត អាយុ២២ឆ្នាំ, វួន សាវុធ ហៅដូង អាយុ២២ឆ្នាំ និង លីវ ភេទប្រុស អាយុ២២ឆ្នាំ (ត្រូវបានវាយដួលសន្លប់) កំពុងគេចខ្លួន។

តាមចម្លើយសារភាពរបស់ជនសង្ស័យ រី រ៉ុង បានឲ្យដឹងថា នៅថ្ងៃកើតហេតុ រូបគេនិងបក្ខពួកបានកាន់មួកសុវត្ថិភាព ខ្សែក្រវាត់ និងឧបករណ៍ផ្សេងៗ ដេញវាយគ្នាទៅវិញទៅមកជាមួយភាគីម្ខាងទៀតដែលជាកម្មកររោងចក្រដូចគ្នា តែធ្វើការនៅអគារផ្សេងគ្នា។ ក្នុងហេតុការណ៍នោះ បក្ខពួកម្នាក់ឈ្មោះ លីវ ត្រូវបានវាយត្រូវចំមុខបណ្តាលឲ្យដួលសន្លប់នៅកន្លែងកើតហេតុ។

វត្ថុតាង

ចំណែកជនសង្ស័យ តន វាសនា និង សួង សុខរី បានសារភាពថា ពួកគេ និងបក្ខពួកពិតជាបានកាន់ខ្សែក្រវាត់វាយនិងរើសមួកសុវត្ថិភាពគប់ទៅលើភាគីម្ខាងទៀតប្រាកដមែន។

ចំពោះលទ្ធផលធ្វើតេស្តទឹកនោមរកសារធាតុញៀនរបស់ជនសង្ស័យទាំង០៣នាក់ គឺអវិជ្ជមាន (-)។

ជនសង្ស័យ

វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន៖ បំណែកកញ្ចក់មួកសុវត្ថិភាពចំនួន ០៤បំណែក និងកំណាត់ឈើមែកស្វាយចំនួន ០៦កំណាត់ (បន្សល់ទុកនៅកន្លែងកើតហេតុ)។

វត្ថុតាងចាប់យក

រហូតមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលទំនប់ធំ ធ្វើការស្រាវជ្រាវរហូតនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

សមត្ថកិច្ចកំពុងសាកសួរ

បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

រូបភាពព័ត៌មាន

administrator

Related Articles