ខេត្តបាត់ដំបង៖ កម្លាំងចម្រុះស្រុកកំរៀង បានបើកប្រតិបត្តិការបង្ក្រាបទំនិញឆ្លងដែនខុសច្បាប់មួយលើក ដោយរឹបអូសបានបារីគេចពន្ធចំនួន ៦០ប៊ិច រួមជាមួយវត្ថុតាងមួយចំនួនទៀត កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។
ប្រភពព័ត៌មានបានឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងនៅចំណុចស្ពានឈើ (ផ្ទះតាយួន) ស្ថិតក្នុងភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ដែលជាច្រកឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ។
ប្រតិបត្តិការនេ៏ត្រូវបានដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ិន កុល មេបញ្ជាការវរសេនីយ៍ការពារព្រំដែនគោកលេខ ៨១៩ សហការជាមួយកម្លាំងកងពលលេខ៥៣ និងវរៈ៥០៤។ វត្ថុតាងដកហូតបានរួមមាន៖ បារីគេចពន្ធ ៦០ប៊ិច, រទេះរុញ ០៥គ្រឿង, កូនត្រាក់ទ័រ ០១គ្រឿង, និងម៉ូតូ ០៦គ្រឿង។
ទោះជាយ៉ាងណា ការបង្ក្រាបនេះកំពុងទទួលបានការរិះគន់ពីសំណាក់មហាជន ដោយលើកជាសំណួរថា ហេតុអ្វីបានជាសមត្ថកិច្ចអាចរឹបអូសវត្ថុតាងបាន តែមិនអាចឃាត់ខ្លួនមេឈ្មួញមកចាត់ការតាមផ្លូវច្បាប់? មហាជនមួយចំនួនថា ការគេចខ្លួនរបស់ឈ្មួញជាប្រពៃណីអាចបណ្តាលមកពីការលេចធ្លាយព័ត៌មានឱ្យក្រុមរកស៊ីឆ្លងដែន។ បច្ចុប្បន្នវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីចាត់ការបន្តតាមនីតិវិធី។
