ចោរកម្មគ្រប់ជ្រុង! គាស់ជញ្ជាំងហាងសម្លៀកបំពាក់ លួចទ្រព្យ៦ពាន់ដុល្លារ ប្រឡូកថ្នាំញៀនតែ៥ថ្ងៃត្រូវប៉ូលិសចាប់បានម្នាក់

ចោរកម្មគ្រប់ជ្រុង! គាស់ជញ្ជាំងហាងសម្លៀកបំពាក់ លួចទ្រព្យ៦ពាន់ដុល្លារ ប្រឡូកថ្នាំញៀនតែ៥ថ្ងៃត្រូវប៉ូលិសចាប់បានម្នាក់

ភ្នំពេញ៖ ក្រុមចោរចំនួន ៣នាក់ បានសម្រេចផែនការគាស់ជញ្ជាំងហាងលក់សម្លៀកបំពាក់យីហោ «ហ៊ា សីហា» តាមបណ្តោយផ្លូវលេខ ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ០៦:៤៩ ព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ខណៈដែលម្ចាស់ហាងកំពុងវិស្សមកាលលេងស្រុកកំណើតនៅខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

រូបភាពពាក់ព័ន្ធ

ម្ចាស់ហាងឈ្មោះ សុខ សង្ហា អាយុ ២៧ឆ្នាំ បានបិទទ្វារហាងយ៉ាងត្រឹមត្រូវនៅថ្ងៃទី១៣ ខែមេសា មុនចេញដំណើរទៅកំពង់ចាម។ លុះត្រឡប់មកវិញនៅថ្ងៃទី១៩ ខែមេសា វេលាម៉ោង ១០:៣០ ព្រឹក គាត់បានប្រទះឃើញសម្ភារៈក្នុងហាងមានសភាពរាយប៉ាយ រើកកាយ និងបាត់អស់មួយចំនួនធំ។ តាមការត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព គាត់បានឃើញជនសង្ស័យម្នាក់កាច់ចម្រឹងជញ្ជាំងចូលលួច និងបង្វែរកាមេរ៉ាចេញផងដែរ។ ភ្លាមៗនោះ គាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។

ទំនិញដែលបាត់បង់សរុបរួមមាន៖ ស្បែកជើង ១០០គូ, អាវ ២០០, ខោ ១០០, នាឡិកាដៃ ២០គ្រឿង, មួកកន្តឹប ១០០, និងកាតាបស្ពាយពីក្រោយ ១០ សរុបទឹកប្រាក់ប្រមាណ ៦,០០០ដុល្លារ (ប្រាំមួយពាន់ដុល្លារអាមេរិក)។

រូបភាពពាក់ព័ន្ធ

ក្រោយពីទទួលបានពាក្យបណ្តឹង លោកវរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាឱ្យលោកវរៈសេនីយ៍ទោ ជាង ហុកសែ អធិការរង ដឹកនាំកម្លាំងប៉ុស្តិ៍ដង្កោ និងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពរហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន។

នៅថ្ងៃទី២០ ខែមេសា វេលាម៉ោង ១៥:៣០ រសៀល នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆន សុខ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ព្រមទាំងដកហូតបានឈើជ្រុងប្រវែង ០,៩០ម៉ែត្រ ដែលជាឧបករណ៍គាស់ជញ្ជាំង។

រូបភាពពាក់ព័ន្ធ

ចំណែកបក្ខពួក ២នាក់ទៀតឈ្មោះ ញ៉ាញ់ អាយុប្រមាណ ៣២ឆ្នាំ និង ញ៉ អាយុប្រមាណ ២៧ឆ្នាំ កំពុងគេចខ្លួន។ ក្នុងការសាកសួរ ជនសង្ស័យឈ្មោះ ឆន សុខ បានសារភាពថា ខ្លួនបានយកស្បែកជើង ១០គូ នាឡិកាដៃ ១០គ្រឿង និងកាតាបស្ពាយ ១ ទៅលក់ឱ្យបុរសមិនស្គាល់ឈ្មោះ អាយុប្រហែល ៤៣ឆ្នាំ រួចយកលុយទៅទិញថ្នាំញៀនជក់អស់។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន ដោយមានការសម្របសម្រួលពីលោក សាន សុភៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យពីរនាក់ដែលកំពុងរត់គេចខ្លួនបន្ថែមទៀត។

administrator

Related Articles