រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានលើកឡើងកាលពីថ្ងៃទី២៣ ខែមេសា ថា អ៊ីស្រាអែលត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ខណៈកំពុងរង់ចាំភ្លើងខៀវពីសហរដ្ឋអាមេរិក ដើម្បីកម្ទេចអ៊ីរ៉ង់ឲ្យរលំរលាយត្រឡប់ទៅយុគសម័យថ្មវិញ ដូចដែលលោក ដូណាល់ ត្រាំ ធ្លាប់លើកឡើងកាលពីមុនបទឈប់បាញ់។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក Katz បាននិយាយក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា៖ «កងកម្លាំងអ៊ីស្រាអែល IDF បានត្រៀមខ្លួនរួចជាស្រេចទាំងការពារនិងវាយលុក ហើយគោលដៅបានដៅរួចហើយ»។

លោកបន្ថែមថា៖ «យើងកំពុងរង់ចាំភ្លើងខៀវពីសហរដ្ឋអាមេរិក! ជាដំបូង និងសំខាន់បំផុត គឺបញ្ចប់ខ្សែរាជវង្ស លោក ខាមេណៃ… លើសពីនេះទៀត ដើម្បីនាំអ៊ីរ៉ង់ត្រឡប់ទៅសម័យងងឹត និងយុគសម័យថ្មវិញ ដោយការបំផ្លាញរោងចក្រថាមពល អគ្គិសនីសំខាន់ៗ និងរុះរើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិរបស់ពួកគេ»។
គួរបញ្ជាក់ថា ការវាយប្រហារលើកដំបូងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ជាច្រើន និងសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡាស់ អាលី ខាមេណៃ ផងដែរ។ បច្ចុប្បន្នកូនប្រុសរបស់លោក គឺ Mojtaba Khamenei ឡើងស្នងតំណែងបន្ត ប៉ុន្តែមិនទាន់បង្ហាញខ្លួនជាសាធារណៈនៅឡើយទេ។
លោក Katz បន្ថែមថា៖ «លើកនេះ! ពេលមានការវាយប្រហារបន្ត វានឹងខុសគ្នាពីមុន និងសាហាវ ហើយវាជាការវាយប្រហារដ៏សាហាវនៅចំណុចរសើបបំផុត»។

ដោយឡែក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាក់កាលពីថ្ងៃទី២១ ខែមេសា ពីការបន្តបទឈប់បាញ់ដោយគ្មានពេលកំណត់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ដើម្បីបង្កើតទីសុវត្ថិភាពមួយសម្រាប់ចរចាជាមួយទីក្រុងតេហេរ៉ង់៕
