ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗពីរាជរដ្ឋាភិបាល ដោយលើកឡើងពីកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ កម្ពុជា-ចិន លើកដំបូង ដែលសម្រេចបានលទ្ធផលកក់ក្តៅ និងត្រូវបានដំឡើងទៅជាកិច្ចសន្ទនា ៣+៣ បន្ថែមទៀត។
ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន បន្តវិវត្តទៅមុខដោយភាពច្បាស់លាស់ មានទិសដៅ ប្រកបដោយមហិច្ឆតា និងបញ្ជាក់សាជាថ្មីនូវ «មិត្តភាពដែកថែប» ដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាតួអង្គសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពនេះ។
ក្រៅពីនេះ ក្រុមលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានបើកកិច្ចប្រជុំក្រៅផ្លូវការរវាងភាគីទាំងពីរ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ខេត្តឧត្តរមានជ័យ ដើម្បីពិភាក្សាពីការអនុវត្តសេចក្តីប្រកាសរួម GBC លើកទី៣។
ទន្ទឹមនេះ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលមាន ៨ជំពូក និង២០មាត្រា ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តហើយ ក្នុងគោលបំណងអនុវត្តមាត្រា៤៩ថ្មីនៃរដ្ឋធម្មនុញ្ញ។
ជាងនេះទៅទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យសមត្ថកិច្ចបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនបន្ធូរដៃ និងមិនមានការលើកលែងឡើយ សូម្បីតែក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរក៏ដោយ៕
ដោយ៖ តារា
