ភ្នំពេញ៖ បុរសម្នាក់ដែលមានប្រពន្ធកូនរួចស្រេច បែរជាមិនខំប្រឹងធ្វើការងារ ទៅប្រើប្រាស់គ្រឿងញៀនជិត១ឆ្នាំ រហូតដល់បែកថ្នាំ ប្រច័ណ្ឌប្រពន្ធមួយកម្រិតទៀត អុកឡុកពេញភូមិ ធ្វើឲ្យអ្នកភូមិភ័យរន្ធត់រហូតប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន តែឃាត់បានហើយ ស្រាប់តែរើរួចទៅកាន់កាំបិតរត់ពេញភូមិទៀត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះជួលក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសញៀនថ្នាំឈ្មោះ វ៉ន ប្រុសពៅ អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងមានទីលំនៅអចិន្ត្រៃយ៍នៅភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ស្ត្រីជាប្រពន្ធបានឲ្យដឹងថា ប្ដីរបស់នាងបានប្រើប្រាស់គ្រឿងញៀនជិត១ឆ្នាំមកហើយ ទោះបីនាងនិងម្ដាយណែនាំប៉ុន្មានដងក៏មិនស្ដាប់ និងមិនព្រមឈប់។ រយៈពេល១សប្ដាហ៍ចុងក្រោយនេះ ប្ដីថែមទាំងទិញថ្នាំញៀនមកជក់ក្នុងបន្ទប់ជួល រួចក៏បែកថ្នាំ ប្រច័ណ្ឌនាងជាមួយប្រុសផ្សេង ព្រមទាំងជិះម៉ូតូកាន់ដំបងដែកបំពង់ទីបពេញភូមិ។

ដោយខ្លាចប្ដីវាយធ្វើបាប និងសម្លាប់ចោល នាងបានលួចរត់ទៅជួលផ្ទះមួយកន្លែងទៀតក្នុងភូមិអង្គដដែល ស្នាក់នៅម្នាក់ឯងបាន២ថ្ងៃ។ រហូតដល់ព្រឹកថ្ងៃកើតហេតុ ស្រាប់តែប្ដីយកដំបងដែកវាយបំផ្លាញម៉ូតូខ្លួនឯង បង្កការភ័យខ្លាចដល់អ្នកភូមិ រហូតប្ដឹងនគរបាលឲ្យចុះឃាត់ខ្លួន។

ប្រជាពលរដ្ឋបានរៀបរាប់ថា បុរសរូបនេះបានជិះម៉ូតូកាន់ដែកបំពង់ទីបអុកឡុកពេញភូមិ និងវាយបំផ្លាញម៉ូតូខ្លួនឯង មើលទៅគួរឲ្យខ្លាចណាស់។ ដោយខ្លាចជននោះបង្កគ្រោះថ្នាក់ ពួកគាត់បានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ចោមចៅទី៣។ ពេលនគរបាលជាច្រើននាក់រួមទាំងស្ត្រីជាប្រពន្ធចាប់ខ្លួនបានហើយ ស្រាប់តែជននោះមានកម្លាំងដូចដំរី រើបម្រាស់រួចពីកណ្ដាប់ដៃនគរបាល បោះដំបងដែកចោល រត់ចូលផ្ទះអ្នកភូមិ ហើយយកកាំបិតចិតបន្លែ និងកាំបិតបុ័ងតោចំនួន៤ដើម កាន់រត់ចូលទៅក្នុងរោងចក្រកាតុងក្បែរនោះទៀត។


អ្នកភូមិបានបន្ថែមថា ពេលនោះបង្កការភ្ញាក់ផ្អើលដល់កម្មកររោងចក្រ ដែលបាននាំគ្នាជួយដកយកកាំបិតចេញ និងឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣។ ក្រោយមក នគរបាលបាននាំជនញៀនថ្នាំរូបនេះទៅកាន់ប៉ុស្តិ៍។

ស្ត្រីជាប្រពន្ធបានសំណូមពរឲ្យនគរបាលជួយបញ្ជូនប្ដីខ្លួនទៅកាន់មណ្ឌលបន្សាបគ្រឿងញៀន ប៉ុន្តែនគរបាលពុំទាន់សម្រេចថាត្រូវចាត់ការបែបណានៅឡើយទេ៕


