បទវិភាគ៖ “អារម្មណ៍សុវត្ថិភាពបែបចិន” កំពុងក្លាយជាតម្លៃថ្មីក្នុងពិភពរង្គោះរង្គើ

បទវិភាគ៖ “អារម្មណ៍សុវត្ថិភាពបែបចិន” កំពុងក្លាយជាតម្លៃថ្មីក្នុងពិភពរង្គោះរង្គើ

ថ្មីៗនេះ អ្នកផលិតមាតិកាជនជាតិអង់គ្លេសម្នាក់ដែលរស់នៅក្នុងប្រទេសចិនបានធ្វើការពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ៖ គាត់បានយកកុំព្យូទ័រយួរដៃរបស់គាត់ទៅដាក់លើតុក្នុងហាងកាហ្វេដ៏អ៊ូអរមួយ រួចចាកចេញទៅអស់រយៈពេលមួយម៉ោង។ ពេលត្រឡប់មកវិញ គាត់ប្រទះឃើញកុំព្យូទ័រនៅកន្លែងដដែល ដោយគ្មានអ្នកណាម្នាក់ប៉ះពាល់ឡើយ។ គាត់បានលាន់មាត់ថា “នឹកស្មានមិនដល់” ហើយការពិសោធន៍នេះបានក្លាយជានិមិត្តរូបនៃ “អារម្មណ៍សុវត្ថិភាពបែបចិន” ដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើបណ្តាញសង្គមបរទេស។

អារម្មណ៍សុវត្ថិភាពបែបចិន

អ្វីដែលជនបរទេសយល់ថាជារឿង “នឹកស្មានមិនដល់” តាមពិតគឺជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនចិន។ ផ្លូវថ្នល់មានពន្លឺភ្លឺស្វាងនៅពេលយប់ជ្រៅ ផ្សារមមាញឹកមានសណ្តាប់ធ្នាប់ល្អ ហើយប្រទេសចិនបច្ចុប្បន្នជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាឃាតកម្ម អត្រាឧក្រិដ្ឋកម្ម និងអំពើហឹង្សាដោយអាវុធទាបជាងគេបំផុតនៅលើពិភពលោក។

របាយការណ៍ស្តីពីសន្តិសុខសកលឆ្នាំ២០២៥ របស់វិទ្យាស្ថាន Gallup អាមេរិក បានបង្ហាញថា ចំណាត់ថ្នាក់នៃអារម្មណ៍សុវត្ថិភាពរបស់ប្រជាជនចិន និង “សូចនាករច្បាប់ និងសណ្តាប់ធ្នាប់” គឺខ្ពស់ជាងប្រទេសមហាអំណាចលោកខាងលិចឆ្ងាយណាស់។ ទិន្នន័យផ្លូវការរបស់ចិនបង្ហាញថា នៅឆ្នាំ២០២៥ អារម្មណ៍សុវត្ថិភាពរបស់ប្រជាជនចិនបានឡើងដល់ ៩៨,២% ដែលលើសពី ៩៨% ក្នុងរយៈពេល ៦ឆ្នាំជាប់ៗគ្នា។

លោក Lu Jiehua សាស្ត្រាចារ្យផ្នែកសង្គមវិទ្យានៃសកលវិទ្យាល័យប៉េកាំង បានថ្លែងថា ការជំរុញបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធអភិបាលកិច្ចដ៏មានប្រសិទ្ធភាព ដោយផ្អែកលើកម្លាំងប្រជាជនទាំងមូល បានបង្កើតជា “បណ្តាញសុវត្ថិភាព” ដ៏រឹងមាំមួយ។ ទន្ទឹមនឹងការធ្វើទំនើបកម្មតាមបែបចិន កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដែលធ្វើឱ្យអារម្មណ៍សុវត្ថិភាពក្នុងដួងចិត្តកាន់តែរឹងមាំ។

អារម្មណ៍សុវត្ថិភាពបែបចិន ក៏កើតចេញពី “ជីវភាពដែលមានក្តីសង្ឃឹមសម្រាប់អនាគត”។ ការធ្វើទំនើបកម្មតាមបែបផែនចិន ធ្វើឱ្យប្រជាជនទាំងអស់ទទួលបានភាពសម្បូរសប្បាយរួមគ្នា។ នៅឆ្នាំ២០២៥ ប្រាក់ចំណូលជាមធ្យមសម្រាប់ប្រជាពលរដ្ឋម្នាក់ៗបានកើនឡើង ៥,០% បើធៀបនឹងឆ្នាំ២០២៤។ ប្រទេសចិនក៏បានបង្កើតប្រព័ន្ធអប់រំ សន្តិសុខសង្គម និងវេជ្ជសាស្ត្រដ៏ធំបំផុតលើពិភពលោកផងដែរ។

សន្តិសុខប្រទេសចិន

បច្ចុប្បន្ននេះ ការប៉ះទង្គិចភូមិសាស្ត្រនយោបាយសកលកាន់តែធ្ងន់ធ្ងរ ពិភពលោកកំពុងមានភាពច្របូកច្របល់។ “អារម្មណ៍សុវត្ថិភាពបែបចិន” កាន់តែបង្ហាញពីគុណតម្លៃរបស់ខ្លួន។ ប្រទេសចិនបានក្លាយជា “ម៉ាស៊ីនលំនឹង” សម្រាប់ពិភពលោកដែលកំពុងរង្គោះរង្គើ និងជា “កន្លែងជ្រកកោន” សម្រាប់ការវិនិយោគអន្តរជាតិ។ អារម្មណ៍សុវត្ថិភាពដ៏រឹងមាំនេះ បានធ្វើឱ្យទស្សនទាន “ពិភពលោកតែមួយ គ្រួសារតែមួយ” កាន់តែមានភាពពិតប្រាកដ និងកក់ក្តៅ៕

ប្រភព៖ CCFR

administrator

Related Articles