សង្រ្គាមនៅមជ្ឈិមបូព៌ារវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងបន្តរាលដាលយ៉ាងខ្លាំងក្លា ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងបង្កឲ្យមានការព្រួយបារម្ភពីអ្នកជំនាញថា តើជម្លោះនេះអាចឈានដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរឬទេ?
ទោះជាយ៉ាងណា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលជាអ្នកផ្តួចផ្តើមសង្រ្គាមដ៏ធំនេះ បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ឡើយ។
យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចេញផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ពេលអ្នកកាសែតសួរ លោក ត្រាំ នៅឯសេតវិមានថា តើលោកនឹងប្រើប្រាស់អាវុធបែបនោះឬអត់? លោកត្រាំបានឆ្លើយតបថា៖ «ហេតុអ្វីបានជាខ្ញុំត្រូវប្រើអាវុធនុយក្លេអ៊ែរ? យើងបំផ្លាញពួកគេទាំងស្រុង តាមរបៀបធម្មតាដោយគ្មានវា»។

លោកបន្ថែមថា៖ «ទេ! ខ្ញុំមិនប្រើប្រាស់វាទេ។ អាវុធនុយក្លេអ៊ែរមិនគួរត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដោយនរណាម្នាក់ឡើយ»។
ពេលសួរថា តើលោកសុខចិត្តរង់ចាំកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែងជាមួយអ៊ីរ៉ង់ដល់ពេលណា? លោក ត្រាំ តបថា៖ «កុំប្រញាប់ប្រញាល់ពេក»។

លោកបន្ថែមថា៖ «អ៊ីរ៉ង់ប្រហែលជាផ្ទុកអាវុធរបស់ពួកគេតិចតួចប៉ុណ្ណោះ អំឡុងពេលឈប់បាញ់រយៈពេលពីរសប្តាហ៍! យ៉ាងណាយោធាអាមេរិកអាចបំផ្លាញវាក្នុងរយៈពេលប្រហែលមួយថ្ងៃ»។
ប្រធានាធិបតីអាមេរិករូបនេះបន្តថា៖ «កងទ័ពជើងទឹករបស់ពួកគេបានបាត់អស់ទៅហើយ កងទ័ពអាកាសក៏បាត់ ចំណែកប្រព័ន្ធការពារយន្តហោះរបស់ពួកគេក៏បាត់ទៀត… ប្រហែលជាពួកគេបានផ្ទុកអាវុធបន្តិចបន្តួចប៉ុណ្ណោះ អំឡុងសម្រាករយៈពេលពីរសប្តាហ៍នេះ ប៉ុន្តែយើងនឹងបំផ្លាញវាប្រហែលមួយថ្ងៃ ប្រសិនបើពួកគេនៅតែមានអាវុធ»។

លោក ត្រាំ និយាយថា៖ «ខ្ញុំចង់ធ្វើកិច្ចព្រមព្រៀងដ៏ល្អបំផុត។ ខ្ញុំអាចធ្វើកិច្ចព្រមព្រៀងឥឡូវនេះ… ប៉ុន្តែខ្ញុំមិនចង់ធ្វើបែបនោះទេ។ ខ្ញុំចង់ឲ្យវាឋិតថេរជារៀងរហូត»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក-អ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធភាគីទាំងបីយ៉ាងច្រើន ពិសេសឈានដល់ការបិទផ្លូវទឹកសំខាន់ គឺច្រកសមុទ្រ Hormuz ដែលជាផ្លូវយុទ្ធសាស្រ្តនាំចេញប្រេងសកល៕
