សហរដ្ឋអាមេរិកកំពុងពិនិត្យឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះអធិបតេយ្យភាពរបស់អង់គ្លេសលើកោះ Falkland បន្ទាប់ពីទីក្រុងឡុងដ៍បដិសេធមិនគាំទ្រអាមេរិកក្នុងសង្គ្រាមនៅអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មានអង់គ្លេស The Independent ចេញផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។
ក្នុងអ៊ីមែលផ្ទៃក្នុងរបស់មន្ទីរបញ្ចកោណ មន្ត្រីអាមេរិកម្នាក់បានលើកឡើងពីគំនិតវាយតម្លៃឡើងវិញនូវការគាំទ្រផ្នែកការទូតរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះ «កម្មសិទ្ធិអធិរាជ» របស់អឺរ៉ុប។ គួរបញ្ជាក់ថា អាហ្សង់ទីនបានទាមទារអធិបតេយ្យភាពលើកោះ Falkland តាំងពីសង្គ្រាម Falklands ឆ្នាំ១៩៨២។
មិនតែប៉ុណ្ណោះ អ៊ីមែលនោះក៏បានស្នើឱ្យផ្អាកអេស្ប៉ាញពីអង្គការណាតូផងដែរ បន្ទាប់ពីរិះគន់អាមេរិកយ៉ាងខ្លាំងលើសង្គ្រាមនៅអ៊ីរ៉ង់។ រឿងនេះកើតឡើងខណៈអាមេរិកបន្តដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ ដោយបញ្ជូននាវាផ្ទុកយន្តហោះទីបី USS George HW Bush ចូលមជ្ឈិមបូព៌ា។
លោក ត្រាំ បានថ្លែងថា ទីក្រុងតេហេរ៉ង់ប្រហែលបានផ្ទុកអាវុធឡើងវិញអំឡុងពេលបទឈប់បាញ់ ប៉ុន្តែយោធាអាមេរិកអាចបញ្ចប់វាក្នុងរយៈពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ។ ទន្ទឹមនេះ លោកក៏បានប្រកាសបន្តបទឈប់បាញ់អ៊ីស្រាអែល-លីបង់រយៈពេលបីសប្តាហ៍ទៀតផងដែរ៕
