អន្តរជាតិ៖ ក្រុមហ៊ុន TEPCO បានប្រកាសពីលទ្ធផលស៊ើបអង្កេតដែលបង្ហាញពីកម្រិតវិទ្យុសកម្ម «ខ្ពស់ខ្លាំង» នៅក្នុងរ៉េអាក់ទ័រលេខ ២ នៃរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលនេះជាលើកដំបូងគិតចាប់តាំងពីគ្រោះមហន្តរាយឆ្នាំ ២០១១។
ការស៊ើបអង្កេតបានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែមេសា ដោយបញ្ចូលកែវយឹតខ្សែកាបអុបទិកបំពាក់ឧបករណ៍វាស់ស្ទង់តាមរយៈបំពង់បង្ហូរ។ លទ្ធផលបានបង្ហាញថា នៅជម្រៅប្រហែល ៥ ម៉ែត្រពីបាតរ៉េអាក់ទ័រ កម្រិតវិទ្យុសកម្មគឺប្រហែល ៤.៧ ស៊ីវើត/ម៉ោង ដែលជាកម្រិតគ្រោះថ្នាក់ខ្លាំងដល់អាយុជីវិតមនុស្ស។
TEPCO បានបញ្ជាក់ថាលទ្ធផលនេះបង្ហាញពីវត្តមានកាកសំណល់នុយក្លេអ៊ែរមួយចំនួនដែលនៅសល់ក្នុងរ៉េអាក់ទ័រ ហើយក្រុមហ៊ុននឹងបន្តវិភាគទិន្នន័យ និងស្វែងរកវិធីសាស្ត្រដកយកកាកសំណល់ទាំងនេះចេញ។
សូមបញ្ជាក់ថា គ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមិ ក្នុងខែមីនា ឆ្នាំ ២០១១ បានធ្វើឱ្យរ៉េអាក់ទ័រលេខ ១ ដល់ ៣ រលាយស្នូល បន្សល់ទុកកាកសំណល់នុយក្លេអ៊ែរប្រហែល ៨៨០ តោន ដែលការដកយកចេញរបស់វាជាបញ្ហាប្រឈមដ៏លំបាកបំផុតមួយក្នុងដំណើរការរុះរើរោងចក្រ។
