ម្ចាស់វិមានបុរីវ៉ាទីកង់ សម្តេចប៉ាប លីអូ ទី១៤ (Leo XIV) នៅថ្ងៃទី ២៣ ខែមេសា បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះភាពជាប់គាំងនៃការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលមិនទាន់អាចរកផ្លូវបញ្ចប់សង្គ្រាមតាមរយៈការទូតបានឡើយ ខណៈដែលជនស៊ីវិលកំពុងរងទុក្ខវេទនាយ៉ាងខ្លាំង។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន NBC News។

«ថ្ងៃខ្លះអ៊ីរ៉ង់ឆ្លើយថា «ព្រម» តែអាមេរិកបែរជាឆ្លើយថា «ទេ» ហើយថ្ងៃស្អែកវាផ្ទុយពីនេះ។ យើងមិនដឹងថាបញ្ហានេះនឹងនាំទៅដល់ទីណានោះទេ ដែលវាបានបង្កឲ្យមានស្ថានភាពវឹកវរជាថ្មីម្តងទៀត ហើយនេះគឺជាសញ្ញាអាសន្នដ៏ធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចពិភពលោក»។ នេះជាការលើកឡើងរបស់សម្តេចប៉ាប លីអូ ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅលើជើងហោះហើរត្រឡប់ទៅកាន់បុរីវ៉ាទីកង់វិញ បន្ទាប់ពីបានបញ្ចប់ដំណើរសាសនទូតរយៈពេល ១១ថ្ងៃ នៅទ្វីបអាហ្វ្រិក។

មេដឹកនាំបុរីវ៉ាទីកង់រូបនេះ បានថ្លែងឡើងក្នុងបរិបទដែលកិច្ចព្រមព្រៀងឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងត្រូវបានសាកល្បងដោយសារការប្រឈមមុខដាក់គ្នាដោយផ្ទាល់នៅជុំវិញតំបន់យុទ្ធសាស្ត្រច្រកសមុទ្រ Hormuz។ សម្តេចប៉ាបបានសម្តែងការខកចិត្តដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតមិនអាចបញ្ចប់ភាពទាល់ច្រកនេះបាន ខណៈដែលប្រជាជនអ៊ីរ៉ង់ទូទាំងប្រទេស និងមនុស្សស្លូតត្រង់ជាច្រើនកំពុងរងទុក្ខវេទនាដោយសារតែសង្គ្រាម។

នៅពេលត្រូវបានសួរអំពីសេចក្តីរាយការណ៍ដែលថា របបដឹកនាំរឹងរូសរបស់អ៊ីរ៉ង់កំពុងប្រហារជីវិតក្រុមអ្នកប្រឆាំងនយោបាយ សម្តេចប៉ាប លីអូ បានឆ្លើយតបថា ព្រះអង្គថ្កោលទោសចំពោះទោសប្រហារជីវិត។ សម្តេចប៉ាបបន្តថា «ដូច្នេះនៅពេលដែលរបបមួយ ឬប្រទេសមួយធ្វើការសម្រេចចិត្តដែលដកហូតជីវិតអ្នកដទៃដោយអយុត្តិធម៌ វាច្បាស់ណាស់ថាពួកគេត្រូវការថ្កោលទោស»។

ទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ ការអត្ថាធិប្បាយរបស់សម្តេចប៉ាប បានធ្វើឲ្យលោកត្រាំខឹងសម្បារយ៉ាងខ្លាំង តាមរយៈការចេញមុខអំពាវនាវឲ្យបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់។ ជម្លោះពាក្យសម្តីជាសាធារណៈនេះ បានបិទបាំងនូវភាពលេចធ្លោនៃដំណើរបំពេញទស្សនកិច្ចរបស់ទ្រង់ទៅកាន់ប្រទេសចំនួន៤ក្នុងទ្វីបអាហ្វ្រិក ដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍៕
អត្ថបទ៖ សាង ស្រីល័ក្ខ
