ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងក្តីប្រាថ្នាចង់ឃើញមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅចុងឆ្នាំនេះ។

ថ្លែងដោយឥតលាក់លៀម ប្រមុខសេតវិមានបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ដោយផ្សាយបន្តដោយ RT ថា៖ «ខ្ញុំមិនទាន់ដឹងអ្វីទាំងអស់អំពីការអញ្ជើញជាផ្លូវការណាមួយនៅឡើយទេ ប៉ុន្តែប្រសិនបើពូទីនមកមែន វានឹងក្លាយជារឿងដ៏ល្អបំផុត។ តាមទស្សនៈរបស់ខ្ញុំ យើងត្រូវតែនិយាយជាមួយមនុស្សគ្រប់គ្នា»។
ទោះជាយ៉ាងណា លោក ត្រាំ ក៏បានបង្ហើបថា លោកមានការសង្ស័យថា ប្រមុខវិមានក្រឹមឡាំងប្រហែលជាមិនមកចូលរួមនោះទេ។ ជុំវិញបញ្ហានេះ ភាគីរុស្ស៊ីបានប្រកាសថា ខ្លួនពិតជាបានទទួលការអញ្ជើញរួចហើយមែន ប៉ុន្តែមិនទាន់សម្រេចចិត្តថា នឹងបញ្ជូននរណាទៅ ឬចូលរួមដែរឬអត់នោះទេ។
សូមជម្រាបថា កិច្ចប្រជុំកំពូល G20 គ្រោងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៦ នៅរមណីយដ្ឋានវាយកូនហ្គោលផ្ទាល់ខ្លួនរបស់លោកត្រាំគឺ Trump National Doral ។ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់ឲ្យកិច្ចប្រជុំនេះក្លាយជាវេទិកាសម្រាប់ដោះស្រាយជម្លោះធំៗលើពិភពលោក។
គួរបញ្ជាក់ថា លោក ពូទីន មិនបានអញ្ជើញចូលរួមកិច្ចប្រជុំ G20 ដោយផ្ទាល់ចាប់តាំងពីឆ្នាំ២០១៩ មក ដោយដំបូងឡើយដោយសារជំងឺរាតត្បាតកូវីដ-១៩ និងក្រោយមកដោយសារសង្គ្រាមនៅអ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ
