សហរដ្ឋអាមេរិកបានជំរុញឱ្យពលរដ្ឋខ្លួនដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ត្រូវចាកចេញជាបន្ទាន់ បន្ទាប់ពីដែនអាកាសអ៊ីរ៉ង់មួយចំនួនបានបើកជើងហោះហើរឡើងវិញគិតត្រឹមថ្ងៃទី២១ ខែមេសា។

យោងតាមសារព័ត៌មានតួកគី Anadolu ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ សេចក្តីជូនដំណឹងពីការធ្វើដំណើរបានអំពាវនាវឱ្យពលរដ្ឋអាមេរិកតាមដានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងពិគ្រោះជាមួយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មសម្រាប់ជើងហោះហើរដែលអាចរកបាន។
សម្រាប់អ្នកដែលមិនអាចធ្វើដំណើរតាមផ្លូវអាកាសបាន សេចក្តីថ្លែងការណ៍បានបញ្ជាក់ពីជម្រើសធ្វើដំណើរតាមព្រំដែនគោកឆ្លងកាត់ប្រទេសអាមេនី (Armenia) តួកគី (Türkiye) និងតូមិននីស្ថាន (Turkmenistan) ខណៈព្រំដែនគោករបស់ប្រទេស Azerbaijan នៅតែបិទសម្រាប់ចរាចរណ៍ និងតម្រូវឱ្យមានការយល់ព្រមពីរដ្ឋាភិបាលជាមុន។
សេចក្តីថ្លែងការណ៍បានព្រមានថា ពលរដ្ឋអាមេរិកមិនគួរធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ឬតំបន់ព្រំដែនប៉ាគីស្ថាន-អ៊ីរ៉ង់ឡើយ ដោយសារអាជ្ញាធរអ៊ីរ៉ង់អាចរារាំងការចាកចេញ ឬដាក់ថ្លៃចេញលើជនជាតិអាមេរិក។

លើសពីនេះ របាយការណ៍បានរម្លឹកដល់ជនជាតិអាមេរិក-អ៊ីរ៉ង់ដែលមានសញ្ជាតិពីរថា អ៊ីរ៉ង់មិនទទួលស្គាល់សញ្ជាតិពីរទេ ហើយពួកគេប្រឈមមុខនឹងហានិភ័យខ្ពស់នៃការសួរចម្លើយ ការចាប់ខ្លួន និងការឃុំខ្លួន។ សម្រាប់អ្នកដែលមិនអាចចាកចេញបាន ត្រូវបានណែនាំឱ្យជ្រកកោននៅនឹងកន្លែង និងនៅឱ្យឆ្ងាយពីបង្អួចកញ្ចក់។
គួរបញ្ជាក់ថា បទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ត្រូវបានពង្រីកនៅថ្ងៃអង្គារ បន្ទាប់ពីមានសំណើពីនាយករដ្ឋមន្ត្រី និងមេបញ្ជាការកងទ័ពប៉ាគីស្ថាន។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា បទឈប់បាញ់នឹងនៅតែមានសុពលភាពរហូតដល់ថ្នាក់ដឹកនាំអ៊ីរ៉ង់ដាក់សំណើថ្មី ដើម្បីបញ្ចប់ជម្លោះដែលកំពុងលេបត្របាក់តំបន់ទាំងមូល៕
