គណៈបញ្ជាការឯកភាពស្រុកចិត្របុរី រុះរើទីតាំងលក់ដូរក្រោមស្ពានមិត្តភាពមេគង្គក្រចេះរួចរាល់

គណៈបញ្ជាការឯកភាពស្រុកចិត្របុរី រុះរើទីតាំងលក់ដូរក្រោមស្ពានមិត្តភាពមេគង្គក្រចេះរួចរាល់

ខេត្តក្រចេះ៖ គណៈបញ្ជាការឯកភាពស្រុកចិត្របុរី ដឹកនាំដោយលោក សេក រុន អភិបាលរងស្រុក បានចុះរុះរើទីតាំងលក់ដូរមួយចំនួននៅក្រោមស្ពានមិត្តភាពចិន-កម្ពុជា មេគង្គក្រចេះ និងតាមចំណីផ្លូវលេខ ៣៧៧ (ក្រចេះ~ឆ្លូង) ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

រូបភាពទី១

ការរុះរើនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាតាំងពីដើមខែមេសា តែអាជីវករមួយចំនួននៅតែបន្តលក់ដូរដដែល បង្កការកកស្ទះចរាចរណ៍ និងហានិភ័យគ្រោះថ្នាក់ដល់អ្នកលក់ និងអ្នកធ្វើដំណើរ។

រូបភាពទី២

លោក សេក រុន បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើដោយបង្ខំ តុ-កៅអី គ្រែ-ទូលក់ដូរ នៅចំណុចស្ពានថ្មី ភូមិតាលុស ឃុំបុសលាវ ដោយណែនាំមិនអនុញ្ញាតឱ្យចូលលក់ជាថ្មីទៀតឡើយ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍។

លោកអភិបាលរងស្រុកបានឱ្យដឹងថា លទ្ធផលនៃការរុះរើត្រូវបានសម្អាតទាំងស្រុងពីក្រោមស្ពាន ចំណីស្ពាន និងចំណីផ្លូវ ព្រមទាំងណែនាំមិនឱ្យចូលលក់ជាថ្មី។ លោកស្នើឱ្យពលរដ្ឋយោគយល់ ដោយកន្លងមកអាជ្ញាធរបានចុះអប់រំណែនាំជាច្រើនលើក និងធ្វើកិច្ចសន្យារួចហើយ តែបងប្អូនមិនព្រមរុះរើចេញ។ ដើម្បីសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរត្រូវជ្រើសរើសរុះរើទាំងបង្ខំ ដោយសាររថយន្តធំៗបត់បែនចុះឡើង៕

រូបភាពទី៣

អត្ថបទ៖ ប្រុញ វិធិន

administrator

Related Articles