ប្រតិបត្តិការទ្រង់ទ្រាយធំ! កម្លាំងចម្រុះឆ្មក់ចុះខុនដូប៉ោលី ឃាត់ជនបរទេសជិត៤០នាក់ ក្នុងសំណុំរឿង Online Scams

ប្រតិបត្តិការទ្រង់ទ្រាយធំ! កម្លាំងចម្រុះឆ្មក់ចុះខុនដូប៉ោលី ឃាត់ជនបរទេសជិត៤០នាក់ ក្នុងសំណុំរឿង Online Scams

កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្នុងអាគារខុនដូប៉ោលី (BAOLI INTER CITY) ស្ថិតក្នុងភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងខុនដូប៉ោលី

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

ឃាត់ខ្លួនជនបរទេស

ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេសសរុបចំនួន ៤០ នាក់ ដោយបែងចែកជា ០៣ ក្រុមពាក់ព័ន្ធ៖

ក្រុមទី១៖ ជាប់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពអូសទាញឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគ រកឃើញជនបរទេសសរុបចំនួន ២២ នាក់ មាន ០២ សញ្ជាតិ ក្នុងនោះ ជនជាតិចិន ២០ នាក់ (ប្រុស) និងជនជាតិរុស្ស៊ី ០២ នាក់ (ស្រី ០១ នាក់)។

វត្ថុតាងដកហូតបាន

សម្ភារៈវត្ថុតាងដែលបានដកហូតរួមមាន៖ ទូរស័ព្ទដៃ ៥០៦ គ្រឿង, កុំព្យូទ័រលើតុ (ALL IN ONE) ២០ គ្រឿង, ធុង CPU ១៨ គ្រឿង, អេក្រង់ (MONITOR) ១៥ គ្រឿង, កុំព្យូទ័រយួរដៃ (LAPTOP) ០២ គ្រឿង។ រួចបានបន្តឆែកឆេរបន្ទប់លេខ ៣២០៦A ជាន់ទី៣២ (ឃ្លាំង) ដកហូតបានទូរស័ព្ទដៃ ១២២ គ្រឿង, ALL IN ONE ១៥ គ្រឿង, CPU ១២ គ្រឿង, MONITOR ២០ គ្រឿង។

សម្ភារៈប្រព័ន្ធអេឡិចត្រូនិច

ក្រុមទី២៖ ឃាត់ជនជាតិបង់ក្លាដេស ១២ នាក់ ជាប់ពាក់ព័ន្ធករណីឆបោក Online Scams ក្រោមរូបភាពប្រើប្រាស់រូបថតនារីស្អាតៗ បោកប្រាស់លេងល្បែងលើវេបសាយក្លែងក្លាយ ដោយបានដកហូតទូរស័ព្ទដៃ ០២ គ្រឿង និងកុំព្យូទ័រយួរដៃ ០៥ គ្រឿង។

ជនសង្ស័យកំពុងត្រូវបានសាកសួរ

ក្រុមទី៣៖ រកឃើញជនបរទេស ០៦ នាក់ (ស្រី ០៣ នាក់) ក្នុងនោះមាន ជនជាតិថៃ ០២ នាក់ (ស្រី), ជនជាតិមីយ៉ាន់ម៉ា ០១ នាក់ (ប្រុស), ជនជាតិវៀតណាម ០១ នាក់ (ស្រី) និងជនជាតិចិន ០២ នាក់ ជាប់ពាក់ព័ន្ធករណីគ្មានលិខិតឆ្លងដែន។

នីតិវិធីច្បាប់

បច្ចុប្បន្ន ជនសង្ស័យទាំង ៤០ នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ អត្ថបទ៖ សុភា

administrator

Related Articles