បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដឹកនាំដោយលោក វរសេនីយ៍ឯក រស់ អៀម នាយកការិយាល័យ បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់រថយន្ត១គ្រឿងម៉ាក Toyota Camry ដែលបានលួចដឹក ស្លាបមាន់បង្កកចំនួន ៥២៨ គីឡូក្រាម ពីប្រទេសថៃចូលមកកម្ពុជា។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ តាមច្រករបៀងលើផ្លូវជាតិលេខ៥៩ ចំណុចភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
មន្ត្រីជំនាញបានឲ្យដឹងថា ផលិតផលទាំងអស់នេះ ត្រូវបានឈ្មួញកម្ពុជា និងថៃ ឃុបឃិតគ្នាលួចដឹកតាមរថយន្ត Camry ចូលមកកាន់ខេត្តបន្ទាយមានជ័យ។ ក្រោយពីឃាត់រថយន្តរួច សមត្ថកិច្ចបានឆែកឃើញសាច់បង្កកប្រភេទស្លាបមាន់ចំនួន ៥២៨ គីឡូក្រាម។ ចំណែកម្ចាស់រថយន្ត និងអ្នកបើកបរបានរត់គេចខ្លួនបាត់ ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ។

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញបានយកសាច់មាន់បង្កកទាំង ៥២៨ គីឡូក្រាម ទៅដុតកម្ទេចចោល នៅចំណុចដីឡូត៍ក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ចំណែករថយន្តដឹកសាច់បង្កកត្រូវបានយកទៅធ្វើតាមនីតិវិធីច្បាប់ ដើម្បីបន្តស្រាវជ្រាវរកម្ចាស់រថយន្ត និងឈ្មួញដែលពាក់ព័ន្ធមកចាត់ការតាមច្បាប់។


