ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យចំនួន០៥នាក់ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១៧:២០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋាន បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្លូវចូលហ្គោលថោន ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ប្រតិបត្តិការនេះឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់រួមមាន៖ ១. ឈ្មោះ ឆោម សាលីន (ប្រុស, អាយុ២៧ឆ្នាំ) មុខរបរមេការខារ៉ាអូខេ (ជួញដូរ និងប្រើប្រាស់), ២. ឈ្មោះ ចេន ដារ៉ូ (ប្រុស, អាយុ២៧ឆ្នាំ) មុខរបរឌីជេ (ជួញដូរ រក្សាទុក និងប្រើប្រាស់), ៣. ឈ្មោះ សិទ្ធិ ទិត្យា ហៅ តាន (ប្រុស, អាយុ៣០ឆ្នាំ) មុខរបរចិញ្ចឹមគោ (រក្សាទុក និងប្រើប្រាស់), ៤. ឈ្មោះ ហួត លីម៉េង (ប្រុស, អាយុ៤៥ឆ្នាំ) មុខរបរលក់ដូរ (ប្រើប្រាស់), ៥. ឈ្មោះ អ៊ី ពិសី ហៅ ប៊ី (ស្រី, អាយុ២៤ឆ្នាំ) មុខរបរគ្មាន (ប្រើប្រាស់)។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងយ៉ាងច្រើនរួមមាន៖ គ្រឿងញៀនប្រភេទ កេតាមីន (ម្សៅក្រាមពណ៌ស) ៣៤ថង់កិប ទម្ងន់ ៥២,៩៥ក្រាម, អ៊ិចស្តាស៊ី (កញ្ចប់ម្សៅPORSCHEរូបសេះ ២៥កញ្ចប់ ទម្ងន់ ១៣៧,៨៨ក្រាម និងម្សៅម៉ត់ពណ៌ទឹកក្រូច ១៤ថង់កិប ទម្ងន់ ១៨,៥៩ក្រាម), ជញ្ជីងថ្លឹងគ្រឿងញៀន ០២គ្រឿង, រថយន្ត ០១គ្រឿង, ម៉ូតូ ០១គ្រឿង, ទូរស័ព្ទ ១០គ្រឿង, កុំព្យូទ័រ ០១គ្រឿង រួមនឹងវត្ថុតាងជាច្រើនទៀត។
លោក វរសេនីយ៍ត្រី សុខ ឡេង បានឲ្យដឹងថា ក្រោយសួរនាំ ជនសង្ស័យទាំងអស់បានសារភាពថា ពួកគេពិតជាបានទិញគ្រឿងញៀនមករក្សាទុក លក់បន្ត និងប្រើប្រាស់ខ្លួនឯងប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានបានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបញ្ជាក់ថា ការបង្ក្រាបនេះ ទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ដោយ៖ វណ្ណា
