សម្តេចធិបតីថ្លែងពីការបំពេញកាតព្វកិច្ចយោធាតាមរូបមន្តចាប់ឆ្នោត និងការបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេង

សម្តេចធិបតីថ្លែងពីការបំពេញកាតព្វកិច្ចយោធាតាមរូបមន្តចាប់ឆ្នោត និងការបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេង

រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថា ការបំពេញកាតព្វកិច្ចយោធានឹងត្រូវធ្វើឡើងតាមរយៈរូបមន្តនៃការចាប់ឆ្នោត ដោយស្របនិងបំពេញតាមតម្រូវការយោធាប្រចាំឆ្នាំ។

សម្តេចធិបតីថ្លែងសុន្ទរកថា

សម្តេចធិបតីបានគូសបញ្ជាក់ថា យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ក្រោយពីការចូលហ្វឹកហ្វឺនរយៈពេល ២៤ ខែ ប្រទេសនឹងទទួលបានធនធានមនុស្សល្អ ប្រកបដោយវិន័យ សីលធម៌ និងភាពជាអ្នកដឹកនាំ។

យុវជនដែលចូលហ្វឹកហ្វឺននឹងទទួលបានការបណ្តុះបណ្តាល សេវាសុខាភិបាល ការស្នាក់នៅហូបចុក របបឯកសណ្ឋាន និងគ្រឿងបំពាក់ ព្រមទាំងប្រាក់ឧបត្ថម្ភ ប៉ុន្តែមិនទទួលបានប្រាក់បៀវត្សរ៍ឡើយ។

ពិធីសំណេះសំណាល

ក្នុងឱកាសនោះដែរ សម្តេចធិបតីបានបញ្ជាក់ច្បាស់ដល់អាជ្ញាធររាជធានី-ខេត្ត និងកងកម្លាំងពាក់ព័ន្ធត្រូវបន្តអនុវត្តឱ្យបានតឹងរ៉ឹងក្នុងការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់មូលដ្ឋាន។ សម្តេចក៏បានណែនាំដល់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងអគ្គស្នងការនគរបាលជាតិ ព្រមទាំងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ឱ្យពិនិត្យរៀបចំច្បាប់ចាត់វិធានការចំពោះក្មេងទំនើង ដូចជាការចុះធ្វើការងារសហគមន៍ជាដើម៕

administrator

Related Articles