ឆក់ស្លាកលេខឡានគ្រូពេទ្យ! ចិនជិះ FORD ទំនើបវាយ​លុក​មន្ទីរពេទ្យតេជោសែនកោះធំ សមត្ថកិច្ច​ឃាត់ខ្លួនបានពីរនាក់ជាមួយថ្នាំញៀន និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់

ឆក់ស្លាកលេខឡានគ្រូពេទ្យ! ចិនជិះ FORD ទំនើបវាយ​លុក​មន្ទីរពេទ្យតេជោសែនកោះធំ សមត្ថកិច្ច​ឃាត់ខ្លួនបានពីរនាក់ជាមួយថ្នាំញៀន និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់

ខេត្តកណ្តាល៖ ក្រុមជនសង្ស័យជាជនជាតិចិនបានបើករថយន្ត FORD RANGER XLT ទំនើបឆ្នាំ២០២៥ ចូលទៅលួចដោះយកស្លាកលេខរថយន្តរបស់ក្រុមគ្រូពេទ្យនិងពលរដ្ឋក្នុងបរិវេណមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបានចំនួន២នាក់ រួមជាមួយវត្ថុតាងសំខាន់ៗជាច្រើន។

វត្ថុតាង

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០១:៣០នាទី ក្នុងបរិវេណមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះចំនួន៤នាក់ រួមមានលោក គាង ហុង (គ្រូពេទ្យ) បាត់បង់ស្លាកលេខឡានតូយ៉ូតាព្រុសឆ្នាំ២០២៦ លេខ ភ្នំពេញ 2CD.6486, អ្នកស្រី យ៉ែន ស្រីរដ្ឋ (គ្រូពេទ្យ) បាត់បង់ស្លាកលេខតូយ៉ូតាព្រុសឆ្នាំ២០១០ លេខ ភ្នំពេញ 2BX.0236, អ្នកស្រី សឹម ចន្ទ្រារស្មី (គ្រូពេទ្យ) បាត់បង់ស្លាកលេខហាយឡេនឌឺឆ្នាំ២០០៥ លេខ ភ្នំពេញ 2AT.4406 និងលោក ភឿក យ៉េង (កសិករ) បាត់បង់ស្លាកលេខតូយ៉ូតាព្រុសឆ្នាំ២០០៦ លេខ ភ្នំពេញ 2BM.2341។

រថយន្តជនសង្ស័យ

ជនសង្ស័យចំនួន៤នាក់ ឃាត់ខ្លួនបាន២នាក់ រត់គេចខ្លួន២នាក់។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ឈ្មោះ TONG TENG TENG (ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន) និងឈ្មោះ WU ZHONG LIANG (ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន) ដែលការធ្វើតេស្តទឹកនោមរកសារធាតុញៀនបានបង្ហាញលទ្ធផលវិជ្ជមាន។ រីឯជនសង្ស័យឈ្មោះ YA ZI និង NAI CHA បានរត់គេចខ្លួនបាត់។

វត្ថុតាងថ្នាំញៀននិងគ្រាប់កាំភ្លើង

វត្ថុតាងដកហូតបានរួមមាន៖ រថយន្ត FORD RANGER XLT ឆ្នាំ២០២៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CG.7329 (ជាយាន្តជនសង្ស័យប្រើប្រាស់), ស្លាកលេខរថយន្តចំនួន១០ស្លាក (៥គូ), ទូរស័ព្ទដៃ២គ្រឿង, ខ្នោះដៃ៤ខ្នោះ, គ្រាប់កាំភ្លើងខ្លីចំនួន១២គ្រាប់, ដំបងឈើ១ដើម, បង់រុំខ្នាតធំ២ដុំ, ម្សៅក្រាមសថ្លាលាយក្រហមសង្ស័យជាសារធាតុញៀនម៉ាទឹកកក១កញ្ចប់តូច និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ជនសង្ស័យនិងវត្ថុតាង

យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាព ក្រុមជនសង្ស័យចំនួន៣នាក់បានបើករថយន្ត FORD ចូលទៅក្នុងមន្ទីរពេទ្យ ហើយធ្វើសកម្មភាពលួចដោះយកស្លាកលេខរថយន្តចំនួន៤គ្រឿង មុននឹងគេចខ្លួនទៅទិសខាងត្បូង (ក្រុងសំពៅពូន)។ លុះព្រឹកឡើង ជនរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ។

សមត្ថកិច្ចស្រាវជ្រាវ

ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងនគរបាលស្រុកកោះធំ សហការជាមួយកម្លាំងជំនាញករិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងនគរបាលក្រុងសំពៅពូន បានធ្វើការស្រាវជ្រាវរហូតដល់ម៉ោង២០:០០នាទីថ្ងៃដដែល ទើបឃាត់ខ្លួនជនសង្ស័យឈ្មោះ TONG TENG TENG រួមជាមួយស្លាកលេខទាំងអស់។ ក្រោយមក សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យ WU ZHONG LIANG ជាមួយថ្នាំញៀនម៉ាទឹកកកមួយកញ្ចប់តូចនៅក្នុងបន្ទប់សណ្ឋាគារលេខ៨៨៤២។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ TONG TENG TENG បានសារភាពថា មិត្តភក្តិឈ្មោះ YA ZI និង NAI CHA ជាអ្នកបបួលឲ្យទៅលួចស្លាកលេខរថយន្ត ប៉ុន្តែរូបគាត់ពុំបានដឹងពីគោលបំណងនៃការលួចនោះទេ។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

administrator

Related Articles