ខេត្តសៀមរាប៖ លោកវរសេនីយ៍ត្រី គង់ វីរៈ អាយុ៤១ឆ្នាំ មន្ត្រីកាន់ខាងផ្នែកទូរស័ព្ទដៃហតញូវ (១២៩៦) នៃកងរាជអាវុធហត្ថខេត្តសៀមរាប កំពុងប្រឈមនឹងបញ្ហារឿងអាស្រូវធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ចេញមុខប្តឹងពីបទដើរបោកប្រាស់យកលុយ ក្រោមលេសថារត់ការចូលក្របខណ្ឌមន្ត្រីកងរាជអាវុធហត្ថ ប៉ុន្តែមិនបានសម្រេច។

ជនរងគ្រោះមួយចំណែកបានប្តឹងយកលុយវិញរួចហើយ ប៉ុន្តែនៅមានជនរងគ្រោះមួយចំនួនទៀតកំពុងរង់ចាំលោក គង់ វីរៈ ចូលខ្លួនមកដោះស្រាយសងលុយវិញ។ ប្រសិនបើមិនអាចដោះស្រាយបានទេ លោកអាចនឹងត្រូវថ្នាក់ដឹកនាំដកចេញពីក្របខណ្ឌ។

សូមបញ្ជាក់ថា លោកវរសេនីយ៍ត្រី គង់ វីរៈ បានធ្វើកិច្ចសន្យាទទួលប្រាក់ចំនួន ១០,៥០០ដុល្លារ ពីឈ្មោះ សុក សុផល (អាយុ៥៦ឆ្នាំ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ) ដើម្បីរត់ការឱ្យកូនប្រុសឈ្មោះ សុខ សុផា (អាយុ២៦ឆ្នាំ) ចូលបម្រើការងារជាមន្ត្រីកងរាជអាវុធហត្ថ តែមិនបានសម្រេច។ ក្រោយមកឪពុករបស់សុផាបានប្តឹងយកលុយវិញដើម្បីបញ្ចប់រឿង។
ក្រៅពីករណីខាងលើ លោក គង់ វីរៈ ក៏មានរឿងអាស្រូវជាច្រើនទៀតនៅក្នុងក្រុងសៀមរាប ដូចជាការយកលុយពីអ្នកលក់ដូរនៅផ្សារលើធំថ្មី និងប្អូនប្រុសរបស់មន្ត្រីនគរបាលខេត្តសៀមរាបផងដែរ។

គួរបញ្ជាក់ថា កោះសន្តិភាពមិនអាចសុំការបំភ្លឺពីលោកវរសេនីយ៍ត្រី គង់ វីរៈ បានទេ នៅវេលាម៉ោង៣និង៣នាទីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយការហៅទូរស័ព្ទទៅគ្មានអ្នកលើក។ បើតាមពលរដ្ឋក្នុងក្រុងសៀមរាបលួចខ្សឹបប្រាប់ថា តើវាសនាលោកវរសេនីយ៍ត្រី គង់ វីរៈ អាចឈរជើងនៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានទៀតដែរឬទេ? ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាពបន្តទៀត។
