ខេត្តក្រចេះ៖ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បានបន្តឃាត់ខ្លួនក្រុមសន្តិសុខរបស់ក្រុមហ៊ុនឯកជនចំនួន៥នាក់ ក្រោយពីបានបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់ដំបងឆក់បាញ់ទៅលើប្រជាពលរដ្ឋម្នាក់បណ្តាលឱ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង២០នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចចំណបរកា ក្នុងភូមិទោង ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
យោងតាមរបាយការណ៍របស់នគរបាល ជនសង្ស័យទាំង៥នាក់រួមមាន៖ ១- ឈ្មោះ រុន ឌឿន ភេទប្រុស អាយុ៥៩ឆ្នាំ (ប្រធានសន្តិសុខ) មានទីលំនៅខេត្តមណ្ឌលគីរី, ២- ឈ្មោះ ហឿង ប៊ុណា ភេទប្រុស អាយុ៣៧ឆ្នាំ, ៣- ឈ្មោះ ធី វ៉ាន់ណា ភេទប្រុស អាយុ៤២ឆ្នាំ, ៤- ឈ្មោះ ពឿន ប្រុស ភេទប្រុស អាយុ២៩ឆ្នាំ, និង ៥- ឈ្មោះ ហឿង ប៊ុនថា ភេទប្រុស អាយុ៣៧ឆ្នាំ។

ជនរងគ្រោះមានឈ្មោះ គឿន គេង ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិទោង។ តាមប្រភពព័ត៌មាន មុនកើតហេតុ ជនរងគ្រោះកំពុងប្រើម៉ាស៊ីនត្រង់ស៊ីន័រកាត់អុសនៅខាងក្រោយផ្ទះ។ ខណៈនោះ ឈ្មោះ រុន ឌឿន ដែលជាប្រធានសន្តិសុខបានដឹកនាំកម្លាំង៤នាក់ផ្សេងទៀតដើរល្បាតមកដល់ ហើយបានចូលទៅដណ្តើមយកម៉ាស៊ីន រហូតមានការទាស់ទែងគ្នា។ ក្នុងពេលនោះ ឈ្មោះ រុន ឌឿន បានប្រើដំបងឆក់បាញ់ទៅលើជនរងគ្រោះចំនួន០២គ្រាប់ចំពោះខាងស្តាំ បណ្តាលឱ្យរបួសធ្ងន់។ អ្នកភូមិបានជួយបញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាពដើម្បីវះកាត់យកគ្រាប់ចេញ។

ក្រោយពីទទួលបានបណ្តឹង កម្លាំងជំនាញនគរបាលស្រុកបានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ធ្វើការស្រាវជ្រាវ និងប្រមូលភស្តុតាង រហូតឃាត់ខ្លួនជនសង្ស័យទាំង៥នាក់មកសាកសួរ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕
