រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន WorldBridge Group និង DRSB Express បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីភស្តុភារកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា។

ពិធីនេះ ត្រូវបានចុះហត្ថលេខាដោយ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group និង លោក គឹម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន DRSB Express ។ កិច្ចសហប្រតិបត្តិការនេះ បង្កើតក្របខ័ណ្ឌសម្រាប់ការសហការ ដោយប្រើប្រាស់ចំណុចខ្លាំងបំពេញបន្ថែមគ្នា សំដៅលើកកម្ពស់គុណភាពសេវាកម្ម និងបង្កើនប្រសិទ្ធភាពសម្រាប់អតិថិជន។

ក្រុមហ៊ុន DRSB Express នាំមកនូវជំនាញស៊ីជម្រៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្មឆ្លងដែន ដោយភ្ជាប់អ្នកផ្គត់ផ្គង់ក្រៅប្រទេស ជាមួយអ្នកប្រើប្រាស់ក្នុងស្រុកតាមរយៈការដឹកជញ្ជូនទូទាំងប្រទេស។ រីឯក្រុមហ៊ុន WorldBridge Group វិញ មានបទពិសោធន៍ធុរកិច្ចជាង៣ទសវត្សរ៍នៅកម្ពុជា លើវិស័យភស្តុភារកម្ម អចលនទ្រព្យ និងសេវាកម្មហិរញ្ញវត្ថុ ព្រមទាំងបណ្តាញភាពជាដៃគូក្នុងតំបន់ និងទ្រព្យសកម្មហេដ្ឋារចនាសម្ព័ន្ធ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីពង្រីកសមត្ថភាពពាណិជ្ជកម្មឆ្លងដែន កែលម្អប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងគាំទ្រការរីកចម្រើននៃពាណិជ្ជកម្មក្នុងស្រុក។ កិច្ចព្រមព្រៀងនេះស្របនឹងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម និងបង្កើនសមត្ថភាពពាណិជ្ជកម្មឆ្លងដែន។

អ្នកឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការជាមួយ DRSB Express ជាផ្លូវការ។ DRSB បានបង្កើតវេទិកាដ៏រឹងមាំ និងមូលដ្ឋានអតិថិជនស្មោះត្រង់ក្នុងរយៈពេលខ្លី។ យើងមើលឃើញសក្តានុពលពិតប្រាកដក្នុងការធ្វើការរួមគ្នា ដើម្បីពង្រឹងការចូលរួមរបស់កម្ពុជានៅក្នុងពាណិជ្ជកម្មក្នុងតំបន់ និងផ្តល់សេវាកម្មកាន់តែប្រសើរសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់កម្ពុជា»។

ការចុះហត្ថលេខាលើអនុស្សរណៈនេះ តំណាងឱ្យជំហានបន្ថែមទៀតនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន WorldBridge Group ចំពោះវិស័យភស្តុភារកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ភាគីទាំងពីរទន្ទឹងរង់ចាំកិច្ចសហការប្រកបដោយផលិតភាព ដែលបង្កើតគុណតម្លៃ និងការរីកចម្រើនយូរអង្វែង សម្រាប់ក្រុមហ៊ុន និងសង្គមជាតិ។

ក្រុមហ៊ុន WorldBridge Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ មានចំណាប់អារម្មណ៍ចម្រុះលើវិស័យភស្តុភារកម្ម អចលនទ្រព្យ ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច និងដើរតួនាទីសំខាន់ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា។ ចំណែកក្រុមហ៊ុន DRSB Express ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ផ្តល់ជូននូវដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់ចាប់ពីដើមដល់ចប់ ភ្ជាប់ការផ្គត់ផ្គង់សកលជាមួយការចែកចាយក្នុងស្រុក គ្របដណ្តប់លើការគ្រប់គ្រងការបញ្ជាទិញ ភស្តុភារកម្មឆ្លងដែន ឃ្លាំង និងការដឹកជញ្ជូនទូទាំងប្រទេស៕

